អាជ្ញាធរទន្លេសាប ចែករំលែកបទពិសោ ធន៍គ្រប់គ្រងទន្លេសាប ដល់សិក្ខាកាមអន្តរជាតិចំនួន ៣៧ ប្រទេស
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ -- លោក វិន ប៊ុនពៅ ប្រធាននាយកដ្ឋានធនធានធម្មជាតិ របស់អាជ្ញាធរទន្លេសាប កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានធនធានធម្មជាតិ របស់អាជ្ញាធរទន្លេសាប ដែលជាគ្រូឧទ្ទេសក្នុងវគ្គបណ្តុះបណ្តាលចែករំលែកបទពិសោ ធន៍លើចក្ខុវិស័យ បេសកកម្ម និងតួនាទីភារកិច្ចរបស់អាជ្ញាធរទន្លេសាប ជាពិ សេស "ទឹកសម្រាប់ទាំងអស់ គ្នា-Water for all " នៅតំបន់អាងបឹងទន្លេសាប និងតំបន់ពាក់ព័ន្ធ ព្រមទាំងការងារគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍នៅតំបន់បឹងទន្លេសាប។

លោក វិន ប៊ុនពៅ បានលើកឡើងថា គោលបំណងនៃការចែករំលែកបទពិ សោធន៍ក្នុងវគ្គបណ្តុះបណ្តាលថ្នាក់អន្តរជាតិ រួមមាន ការចែករំលែកបទពិសោធន៍របស់នាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប អំពីការ គ្រប់គ្រង និងការរៀបចំផែនការលើវិស័យទឹកស្អាត ទឹកកខ្វក់ និងអនាម័យនៅក្នុងបឹងទន្លេសាប និងតំបន់ពាក់ព័ន្ធ
ការប្រែប្រួលរបបជលសាស្រ្ត ឧតុនិយម និងគុណភាពទឹកនៅក្នុងអាងទន្លេសាប ការងារគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍នៅតំបន់អាងទន្លេសាប និង វិធីសាស្រ្តក្នុងការគ្រប់គ្រង ការថែរក្សា និងការការពារដែនព្រៃលិចទឹក ជាពិសេសចីរភាព និងនិរន្តរភាពនៃបឹងទន្លេសាប និងតំបន់ពាក់ព័ន្ធជាដើម។

ក្នុងពិធីនោះមានសិក្ខាកាមអន្តរជាតិមកពីបណ្តាប្រទេសផ្សេងៗ និងទ្វីបខុសគ្នាៗសរុបចំនួន ៣៧ ប្រទេស នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ ដែលមានសិក្ខាកាមសរុបចំនួន ៤៨ រូប ៕
ដោយ៖ ណយ នឿន ,ប្រភព៖អាជ្ញាធរទន្លេសាប





