ក្នុងខែមីនា មន្រ្តីក្រសួងបរិស្ថានបានធ្វើការល្បាតចំនួន ៨៤លើក និងបង្រ្កាបបទល្មើសបានចំនួន២៧ករណីនៅឧទ្យានជាតិជូរភ្នំក្រវាញ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២៦ -- ក្រុមការងារគម្រោងកម្មវិធីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញ ដែលរួមមានមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បាត់ដំបង កំពង់ស្ពឺ កោះកុងនិងខេត្តព្រះសីហនុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អាជ្ញាធរមូលដ្ឋាន និងបុគ្គលិកអង្គការដៃគូ ធ្វើការល្បាតបានចំនួន ៨៤លើក និងបានបង្រ្កាបបទល្មើសធនធានធម្មជាតិ ចំនួន២៧ករណីនៅឧទ្យានជាតិជូរភ្នំក្រវាញ។

ក្រសួងបរិស្ថានឱ្យដឹងថាក្នុងការចុះបង្រ្កាបនេះដែរគេបានរកឃើញមានបទល្មើសព្រៃឈើចំនួន១៧ករណី បទល្មើសសត្វព្រៃចំនួន៨ករណី និងបទល្មើសទន្រ្ទានដីព្រៃធ្វើជាកម្មសិទ្ធិ ចំនួន២ករណី ក្នុងខែមីនា ឆ្នាំ២០២៦។

ប្រភពនេះបានឱ្យដឹងដែរថាក្រុមមន្រ្តី បានចាត់វិធានការបំពេញកំណត់ហេតុអញ្ញាតជន ចំនួន២៧ករណី និងរឹបអូសវត្ថុតាងចាប់យក មករក្សាទុកជាបណ្ណោះអាសន្ន នៅតាមស្នាក់ការល្បាតរបស់ខេត្តនីមួយៗ ក្នុងនោះមានកាំភ្លើងកែច្នៃ ចំនួន៧ ដើម អន្ទាក់ចំនួន ១៧៨ខ្សែ រុះរើជំរុំតង់របស់ជនល្មើសបានចំនួន ១១ តង់ លែងសត្វជាប់អន្ទាក់ចំនួន១ក្បាល ពន្លត់ភ្លើងឆេះព្រៃបានចំនួន០,៣៨ ហិកតា និងបានឃ្លុំដីដែលបានកាប់រានទំហំ ១,៨៤ ហិកតា។

គួរបញ្ជាក់ថា ក្រុមការងារគម្រោងកម្មវិធីការពាររព្រៃឈើតំបន់ជួរភ្នំក្រវាញ បានបន្តខិតខំពង្រឹងការអនុវត្តច្បាប់ និងបង្កើនសកម្មភាពល្បាត ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ ទៅបីជាមានការជួបបញ្ហាប្រឈមមួយចំនួន ដូចជាការលួចចូលកាត់ និងដឹកជញ្ជូនឈើទ្រង់ទ្រាយតូចៗ នៅតិចតួច ការលួចឆ្ការ ដុត រុករាន ទន្រ្ទានដីព្រៃធ្វើជាកម្មសិទ្ធិពីជនខិលខូច និងការប្រើប្រាស់អាវុធកែច្នៃនៃជនល្មើសមានខ្លះទៀតនៅឡើយ៕

ដោយ៖មករា





