ពង្រឹងសមត្ថភាពមគ្គុទ្ទេសក៍សហគមន៍បន្ទាយឆ្មារ ជាគន្លឹះទាក់ទាញទេសចរឱ្យ មកកម្សាន្តកាន់តែច្រើន
AKP បន្ទាយមានជ័យថ្ងែទី៣០ខែមេសាឆ្នាំ២០២៦ -- ដើម្បីលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍នៅតាមតំបន់ប្រវត្តិសាស្ត្រឱ្យកាន់តែមានប្រសិទ្ធភាព លោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានសង្កត់ធ្ងន់ថា ការបណ្តុះបណ្តាលជំនាញ "មគ្គុទ្ទេសក៍ទេសចរណ៍សហគមន៍" គឺជាទុនដ៏សំខា ន់មិនអាចខ្វះបាន ក្នុងការប្រែក្លាយសក្តានុពលតំបន់បន្ទាយឆ្មារ ឱ្យទៅជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ និងការចងចាំមិនអាចបំភ្លេចបានសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ។

ការថ្លែងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោកប្រធានមន្ទីរ អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (ហូកា - HoKa) និងចែកវិញ្ញាបនបត្រជូនដល់សិក្ខាកាម កាលពីរសៀលថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ នៅទីស្នាក់ការសហគមន៍ទេសចរណ៍បន្ទាយឆ្មារ ស្រុកថ្មពួក។

វគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ (ចាប់ពីថ្ងៃទី២៧-២៩ ខែមេសា) នេះ បានផ្តល់ចំណេះដឹងយ៉ាងស៊ីជម្រៅដល់សមាជិកសហគមន៍ទេសចរណ៍បន្ទាយ ឆ្មារសរុបចំនួន ១៧នាក់ (ស្រី ០៦នាក់) ។ ខ្លឹមសារសំខាន់ៗនៃវគ្គសិក្សារួមមានបច្ចេកទេសនាំភ្ញៀវរបៀបរៀបរាប់ពីប្រវត្តិសាស្ត្រ និងវប្បធម៌នៃប្រាសាទ បន្ទាយឆ្មារឱ្យមានភាពរស់រវើក។បដិសណ្ឋារកិច្ច ការទទួល ស្វាគមន៍ និងការដោះស្រាយបញ្ហាចំពោះមុខជូនភ្ញៀវទេសចរ។និរន្តរភាពការផ្សារភ្ជាប់ការ កម្សាន្តទៅនឹងការអភិរក្សសម្បត្តិវប្បធម៌ និងបរិស្ថានក្នុងមូលដ្ឋាន។

ក្នុងពិធីប្រគល់វិញ្ញាបនបត្រ លោក ឈឿន សេរីវុធ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍសមត្ថភាពសមាជិកសហគមន៍ ដោយលោកបានលើកឡើងថាមគ្គុទ្ទេសក៍សហគមន៍ គឺជាអ្នកតំណាងឱ្យមុខមាត់នៃតំបន់រមណីយដ្ឋានទាំងមូល។ បើបងប្អូនមានចំណេះដឹងច្បាស់លាស់ មានក្រមសីលធម៌វិជ្ជាជីវៈ និងមានភាពរួសរាយរាក់ទាក់ នោះភ្ញៀវទេសចរនឹងមានទំនុកចិត្ត ហើយពួកគេនឹងជួយផ្សព្វផ្សាយពីតំបន់បន្ទាយឆ្មាររបស់យើងទៅកាន់ពិភពលោក។

លោកបានបន្ថែមថា ការបង្កើនចំណេះដឹងថ្មីៗតាមរយៈកម្មវិធី ហូកា (HoKa) នេះ មិនត្រឹមតែជួយបង្កើនចំណូលដល់គ្រួសារសមាជិកសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការជំរុញវិស័យទេសចរណ៍ក្នុងខេត្តបន្ទាយមានជ័យ ឱ្យឈានទៅរកស្តង់ដារមួយដែលកាន់តែប្រសើរឡើង ស្របតាមតម្រូវការទីផ្សារទេសចរណ៍សម័យថ្មី។

ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំង ១៧រូប ត្រូវបានរំពឹងថានឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការស្វាគមន៍ភ្ញៀវទេសចរដែលមកទស្សនាប្រាសាទបន្ទាយឆ្មារ ដែលជាមរតកវប្បធម៌ដ៍វិសេសវិសាលរបស់ខ្មែរ។ ការពង្រឹងសមត្ថភាពនេះ ក៏ជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្ររបស់មន្ទីរទេសចរណ៍ខេត្ត ក្នុងការប្រែក្លាយតំបន់នេះឱ្យក្លាយជា "គោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិ" កម្រិតខ្ពស់នៅក្នុងតំបន់ភូមិភាគពាយព្យនៃប្រទេសកម្ពុជា៕
ដោយ ៖ឈុនសារ៉ាត





