នាយកដ្ឋានអភិរក្សជលផល និងអង្គការ WCSបានលែងអណ្តើកហ្លួង ២០ក្បាល ចូលទៅក្នុងប្រព័ន្ធព្រែកស្រែអំបិល
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦--នាយកដ្ឋានអភិរក្សជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការ WCS នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ បានលែងអណ្តើកហ្លួងដែលជាប្រភេទសត្វកំពុងទទួលរងគ្រោះជិតផុតពូជបំផុតចំនួន ២០ក្បាល ចូលទៅក្នុងប្រព័ន្ធព្រែកស្រែអំបិល ដែលជាទីជម្រកធម្មជាតិតែមួយគត់នៅក្នុងប្រទេសកម្ពុជា ត្រូវបានគេដឹងថាសត្វអណ្តើកហ្លួងអាចរស់នៅនិងបន្តពូជបាន។

កន្លងមក អណ្តើកហ្លួងធ្លាប់ត្រូវបានគេបារម្ភខ្លាចបាត់បង់ផុតពូជពីក្នុងប្រទេសកម្ពុជា ប៉ុន្តែការលែងអណ្តើកហ្លួងនាពេលនេះបញ្ជាក់ពីជំហានជោគជ័យថ្មីមួយទៀតដែលជាកិច្ចខិតខំប្រឹងប្រែងដ៏យូរអង្វែងក្នុងការស្តារប្រភេទសត្វអណ្តើកនេះឱ្យមានចំនួនច្រើនឡើងវិញ ក្រោមការដឹកនាំរបស់អគ្គនាយកដ្ឋានជលផល ដោយមានការគាំទ្រពីរដ្ខបាលខេត្តកោះកុង រដ្ឋបាលខេត្តព្រះសីហុន ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងខេត្តកោះកុងនិងព្រះសីហនុ អាជ្ញាធរមូលដ្ឋាន សហគមន៍ការពារសម្បុកអណ្តើកហ្លួង និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) កម្ពុជា។
មូលនិធិ Mandai Nature, Turtle Survival Alliance អង្គការ WCS កាណាដា និងមូលនិធិ Patricia and Alan Koval Foundation និងតំបន់ទេសចរណ៍ធម្មជាតិ Shinta Mani Wild គឺជាដៃគូដែលគាំទ្រកិច្ចខិតខំប្រឹងប្រែងស្តារចំនួនអណ្តើកហ្លួងឡើងវិញនៅទីនោះ ។

អណ្តើកហ្លួង ត្រូវបានគេស្គាល់ទូទាំងពិភពលោកជាភាសាអង់គ្លេសថា Southern River Terrapin មានឈ្មោះវិទ្យាសាស្ត្រថា Batagur affinis គឺជាប្រភេទអណ្តើកទឹកសាបមួយក្នុងចំណោមប្រភេទអណ្តើកទឹកសាបទាំងអស់ក្នុងពិភពលោកដែលទទួលរងការគំរាមកំហែងបំផុត។ នៅកម្ពុជា កិច្ចខិតខំប្រឹងប្រែងស្តារចំនួនអណ្តើកហ្លួងឡើងវិញបានផ្តោតលើការការពារសម្បុក ការចិញ្ចឹមថែទាំកូនអណ្តើករហូតដល់ពួកវាធំពេញវ័យអាចលែងឱ្យរស់រានបានដោយខ្លួនឯងក្នុងទីជម្រកធម្មជាតិ ការតាមដានត្រួតពិនិត្យអណ្តើកហ្លួងដែលត្រូវបានលែងចូលក្នុងទីជម្រកធម្មជាតិ និងការការពារប្រព័ន្ធព្រែកស្រែអំបិលពីការនេសាទខុសច្បាប់ ការបូមខ្សាច់ និងការបាត់បង់ទីជម្រកធម្មជាតិ។
ក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ គម្រោងអភិរក្សអណ្តើកហ្លួងបានលែងអណ្តើកហ្លួងប្រមាណជាង ២០០ក្បាលចូលក្នុងទីជម្រកធម្មជាតិវិញដោយជោគជ័យ។ កិច្ចខិតខំប្រឹងប្រែងសំខាន់ៗទាំងនេះនៅមូលដ្ឋាន ដើម្បីចូលរួមចំណែកក្នុងការសម្រេចបានលទ្ធផលយូរអង្វែង។”

សត្វអណ្តើកហ្លួងត្រូវបានកំណត់ជាសត្វល្មូនជាតិរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ២០០៥។ ការស្តារចំនួនអណ្តើកហ្លួងឡើងវិញដែលមានរយៈកាលយូរអង្វែងគឺអាស្រ័យលើការបន្តជាប់លាប់នូវការការពារឆ្នេរខ្សាច់សម្រាប់ធ្វើសម្បុកពងកូនរបស់អណ្តើកហ្លួង ព្រៃលិចទឹក ព្រៃតាមមាត់ព្រែកនិងប្រព័ន្ធព្រែកស្រែអំបិលទាំងមូល ព្រមទាំងការបន្តការគាំទ្រដល់សហគមន៍មូលដ្ឋានដែលជួយការពារសម្បុកអណ្តើកហ្លួងនៅទីជម្រកធម្មជាតិ ៕
ដោយ ណយ នឿន (ប្រភព៖WCS)




