រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ តាមការស្ទង់មតិបង្ហាញថា សេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦--
តាមរយៈការស្ទង់មតិក្នុងចំណោម អ្នកចូលរួម ដែលតំណាងឱ្យអ្នកអនុវត្តន៍សកម្មភាពក្នុងវិស័យព័ត៌មាននៅក្នុងប្រទេសកម្ពុជា បានវាយតម្លៃស្ថានភាពសេរីភាពសារព័ត៌មានថាមានភាពល្អប្រសើរ។ នេះគឺជាការថ្លែងបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន។
ឯកឧត្តម នេត្រ ភក្រ្តា បានគូសបញ្ជាក់ថា ក្នុងការស្ទង់មតិអំពីសេរីភាពសារព័ត៌មានកម្ពុជា នៅឆ្នាំ ២០២៤ និង ឆ្នាំ ២០២៥ គឺក្រសួងព័ត៌មានបានធ្វើរយៈពេល២ឆ្នាំមកហើយ។ ដោយឡែកសម្រាប់ឆ្នាំ២០២៦នេះក្រសួងបានធ្វើការស្ទង់មតិជាមួយអ្នកសារព័ត៌មាន ដែលត្រូវបានជ្រើសរើសដោយចៃដន្យចំនួន ៥៧០នាក់ ទាំងក្នុងរាជធានី-ខេត្ត។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានបានបញ្ជាក់ថា អ្នកសារព័ត៌មានទាំងអស់ ដែលបានចូលរួម នៅក្នុងការស្ទង់មតិ បានបំពេញចម្លើយក្នុងកម្រងសំណួរដោយឯករាជ្យ អនាមិក ផ្អែកតាមឆន្ទៈ និងការយល់ឃើញផ្ទាល់ខ្លួន ដោយគ្មានការត្រួតពិនិត្យ ឬស្ថិតក្រោមឥទ្ធិពលរបស់ជនណាម្នាក់ឡើយ។ ឯកឧត្តមបានអះអាងថា ក្នុងចំណោមសំណួរ៦០០នោះ មានចំនួន៥៧០កម្រងសំណួរអាចយកជាការបាន។ជាលទ្ធផលក្នុងការស្ទង់មតិនេះបង្ហាញថា ៨០,៨៨ភាគរយ បានវាយតម្លៃស្ថានភាព សេរីភាពសារព័ត៌មានកម្ពុជាថាមានភាពល្អប្រសើរ ក្នុងនេះដែរមាន ៩,៦៥ភាគរយ បានវាយតម្លៃថាល្អណាស់, ៧១,២៣ភាគរយ បានវាយតម្លៃថាល្អ។ ដោយឡែកក៏មានក្នុងចំណោមអ្នកស្ទង់មតិនេះមានចំនួន១៧,៥៤ភាគរយ បានវាយតម្លៃថាស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាស្ថិតនៅក្នុងកម្រិតមធ្យម និងខណៈ១,៥៨ភាគរយ បាន វាយតម្លៃថាស្ថានភាពសារព័ត៌មាននៅមិនទាន់ល្អ នៅឡើយ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានក៏បានថ្លែងឱ្យដឹងដែរថា ចំពោះកម្រងសំណួរត្រូវបានបែងចែកជាបីផ្នែកធំៗ ដែលផ្នែកទី១ ផ្តោតលើព័ត៌មានប្រជាសាស្ត្រ ផ្នែកទី២ ផ្តោតលើទស្សនៈ អ្នកសារព័ត៌មានចំពោះសេរីភាពសារព័ត៌មាននៅកម្ពុជា និងផ្នែកទី៣ ផ្តោតលើទស្សនៈអ្នកសារព័ត៌មានចំពោះ ការប្រតិបត្តិក្រមសីលធម៌ និងស្ថានភាពសណ្តាប់ធ្នាប់សារព័ត៌មាន។
ឯកឧត្តម នេត្រ ភក្រ្តា បានបន្ថែមដែរថា ក្នុងការស្ទង់មតិទូទាំងប្រទេស ដោយក្នុងនោះអ្នកចូលរួមជាបុរសមានចំនួន ៨៧,៥ភាគរយ និងស្ត្រីចំនួន ១២,៥ភាគរយ ហើយ អ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍នៅកម្ពុជាសរុបចំនួន ៥៧០ នាក់ បានចូលរួមក្នុង ពួកគេមានអាយុចន្លោះពី ១៨ ទៅ ៧៣ឆ្នាំ ដែលអាយុជាមធ្យមគឺ ៤៣ ឆ្នាំ។ ចំនួនអ្នកសារព័ត៌មានជាស្ត្រីដែលបាន ចូលរួមការស្ទង់មតិមានការកើនឡើងបើធៀបនឹងឆ្នាំ២០២៥ ដែលមានចំនួនតែ ៨,៨ភាគរយ។ ការស្ទង់មតិបានបង្ហាញថា អ្នកធ្វើការក្នុងវិស័យព័ត៌មាននៅកម្ពុជាភាគច្រើនជាមនុស្សវ័យកណ្តាល ដែលក្នុងចំណោមនោះ ៨៣,៥ភាគរយ បាន រៀបការរួចហើយ តែប្រមាណ១៣ភាគរយ នៅលីវ ហើយ ៣,៥ភាគរយ បានលែងលះគ្រួសារ។
គួរបញ្ជាក់ថា បើតាមរដ្ឋមន្រ្តីក្រសួងព័ត៌មានបានឱ្យដឹងដែរថាចំពោះកម្រិតវប្បធម៌វិញ អ្នក ស្ទង់មតិប្រមាណ ៥៦,៣ភាគរយ នៃចំនួនអ្នកចូលរួមស្ទង់មតិសរុប បានសិក្សាចប់ត្រឹមថ្នាក់វិទ្យាល័យ និងអនុវិទ្យាល័យ ខណៈអ្នកបានបញ្ចប់ថ្នាក់បរិញ្ញបត្រមានចំនួន ៣២ភាគរយ និងប្រមាណ ៧ភាគរយ បានរៀនចប់ថ្នាក់ក្រោយឧត្តមសិក្សា។ ដោយឡែកមានអ្នកចូលរួមចំនួន ៤ភាគរយ បានទទួលការអប់រំត្រឹមកម្រិតបឋមសិក្សា។ យ៉ាងណាក៏ដោយ ការស្ទង់មតិ បានរកឃើញថា អ្នកទាំងនេះមានបទពិសោធន៍ការងារក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ជាមធ្យមចំនួន ១១ ឆ្នាំ ខណៈអ្នកដែលបានប្រឡូកក្នុងវិស័យនេះយូរជាងគេគឺរហូតដល់រយៈពេល ៤០ ឆ្នាំ៕



ដោយ៖ មករា




