កិច្ចប្រជុំសាមញ្ញលើកទី២៣ របស់ក្រុមប្រឹក្សាក្រុងសំរោង អាណត្តិទី៤ ដើម្បីពិនិត្យ និងជំរុញការងារអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព
AKP ឧត្តរមានជ័យ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦--រដ្ឋបាលក្រុងសំរោង បានរៀបចំ «កិច្ចប្រជុំសាមញ្ញលើកទី២៣ របស់ក្រុមប្រឹក្សាក្រុងសំរោង អាណត្តិទី៤» ក្រោមអធិបតី លោកស្រី អាត ស្រីមុំ ប្រធានក្រុមប្រឹក្សាក្រុងសំរោង លោក ផុន ចាន់និល អភិបាល នៃគណៈអភិបាលក្រុងសំរោង កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង នាយកស្ដីទីរដ្ឋបាលក្រុង, ប្រធានការិយាល័យជំនាញ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, អាជ្ញាធរសង្កាត់, ស្មៀន និងតំណាងអង្គការសង្គមស៊ីវិល ជាច្រើនរូបទៀត។

លោកស្រី អាត ស្រីមុំ បានមានប្រសាសន៍ថា ការពង្រឹងយន្តការការងាររដ្ឋបាល និងការតាមដានការអនុវត្តន៍តួនាទីភារកិច្ច គឺជាគន្លឹះនៃជោគជ័យក្នុងការបម្រើប្រជាពលរដ្ឋ ។ លោកស្រីបានបន្តថា អង្គប្រជុំនេះផ្ដោតលើការពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារដែលសម្រេចបានក្នុងខែកន្លងមក ព្រមទាំងពិភាក្សាលើបញ្ហាប្រឈមនានា ដើម្បីស្វែងរកដំណោះស្រាយសមស្រប ក្នុងគោលដៅ ពង្រឹងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។ លោកស្រីបន្ថែមថា ត្រូវជំរុញការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសណ្ដាប់ធ្នាប់សាធារណៈក្នុងក្រុង។ លើកកម្ពស់តម្លាភាព និងគណនេយ្យភាពនៃរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យបានកាន់តែប្រសើរ។

លោកស្រី ក៏បានផ្ដាំផ្ញើដល់សមាជិកអង្គប្រជុំទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងបំពេញភារកិច្ចតាមជំនាញរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមគ្នាស្ថាបនាក្រុងសំរោងឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ ៕

ដោយ ទិត ស្រ៊





