អេមីរ៉ាតអារ៉ាប់រួមនិយាយថា ខ្លួននឹងចាកចេញពីអង្គការ OPEC ចាប់ពីថ្ងៃទី០១ ខែឧសភា
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ -- អេមីរ៉ាត់អារ៉ាប់រួម (UAE) បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួននឹងចាកចេញពីអង្គការ OPEC និងក្រុមOPEC+ ចាប់ពីថ្ងៃទី០១ ខែឧសភា ដែលជាចលនាមួយដែលមានពាក្យចចាមអារ៉ាមអស់មួយរយៈកន្លងមក ខណៈដែលប្រទេសអេមីរ៉ាត់អារ៉ាប់រួមបានរងការរិះគន់ក្រោមការរឹតបន្តឹងផលិតកម្ម និងមានទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺនជាមួយប្រទេសជិតខាងអារ៉ាប៊ីសាអូឌីត។
អេមីរ៉ាត់អារ៉ាប់រួមធ្លាប់ជាសមាជិកយូរអង្វែងរបស់អង្គការ OPEC ដោយដំបូងឡើយតាមរយៈអេមីរ៉ាតអាប៊ូដាប៊ីរបស់ខ្លួនក្នុងឆ្នាំ១៩៦៧ និងក្រោយមកនៅពេលដែលអេមីរ៉ាត់អារ៉ាប់រួមបានក្លាយជាប្រទេសមួយរបស់ខ្លួនក្នុងឆ្នាំ១៩៧១។
ប៉ុន្តែ អេមីរ៉ាត់អារ៉ាប់រួមបានព្យាយាមកាន់តែខ្លាំងឡើងដើម្បីទាញយកអត្ថប្រយោជន៍ពីគោលនយោបាយការបរទេសរបស់ខ្លួននៅមជ្ឈិមបូព៌ាដែលផ្ទុយនឹងគោលជំហរមួយចំនួនរបស់ទីក្រុងរីយ៉ាដ ជាពិសេសនៅពេលដែលអារ៉ាប៊ីសាអូឌីតបានចាប់ផ្តើមប្រកួតប្រជែងដោយផ្ទាល់ជាមួយអេមីរ៉ាត់អារ៉ាប់រួមក្នុងការព្យាយាមទាក់ទាញយកការវិនិយោគបរទេស ខណៈដែលព្រះរាជាណាចក្រមួយនេះបានបើកចំហរក្រោមព្រះអង្គម្ចាស់ ម៉ូហាំម៉េដ ប៊ីន សាល់ម៉ាន់ (Mohammed bin Salman)។
អេមីរ៉ាត់អារ៉ាប់រួមបាននិយាយថា «ការសម្រេចចិត្តនេះឆ្លុះបញ្ចាំងពីចក្ខុវិស័យយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចរយៈពេលវែងរបស់អេមីរ៉ាត់អារ៉ាប់រួម និងទម្រង់ថាមពលដែលកំពុងវិវត្តន៍ រួមទាំងការវិនិយោគយ៉ាងឆាប់រហ័សលើការផលិតថាមពលក្នុងស្រុក និងពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះតួនាទីដែលមានទំនួលខុសត្រូវ អាចទុកចិត្តបាន និងទស្សនវិស័យទៅមុខនៅក្នុងទីផ្សារថាមពលសកលលោក»។
ប្រទេសនេះបានបន្ថែមថា «បន្ទាប់ពីការចាកចេញរបស់ខ្លួន អេមីរ៉ាត់អារ៉ាប់រួមនឹងបន្តធ្វើសកម្មភាពដោយមានទំនួលខុសត្រូវ ដោយនាំយកផលិតកម្មបន្ថែមទៅកាន់ទីផ្សារតាមរបៀបបន្តិចម្តងៗស្របតាមតម្រូវការ និងលក្ខខណ្ឌទីផ្សារ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





