រដ្ឋបាលក្រុងសំរោង និងក្រុមការងារទីស្នាក់ការកណ្ដាលសាខាកាកបាទក្រហមកម្ពុជាខេត្ត ចុះសិក្សាវាយតម្លៃស្ថានភាពសុខភាព និងអនាម័យរបស់ប្រជាពលរដ្ឋភៀសសឹក
AKP ឧត្តរមានជ័យ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦--លោកស្រី ហេង សុជាតិ និងលោក ឱក សាម៉េត អភិបាលរងក្រុងសំរោង បានដឹកនាំក្រុមការងារ សហការជាមួយក្រុមការងារទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ចុះសិក្សាវាយតម្លៃស្ថានភាពសុខភាព និងអនាម័យរបស់ប្រជាពលរដ្ឋភៀសសឹកក្នុងជម្រកបណ្ដោះអាសន្ន ក្នុងភូមិសាស្ត្រក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ។

លោកស្រី ហេង សុជាតិ បានថ្លែងថា ការលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងស្ថានភាពលំបាក គឺជាបេសកកម្មមនុស្សធម៌ដ៏ឧត្តុង្គឧត្តម ។ បេសកកម្មនេះរៀបចំឡើងក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅក្នុងជម្រកបណ្ដោះអាសន្ន ។

លោកស្រី បានថ្លែងបន្តថា វិស័យសុខភាព និងអនាម័យ ក្រុមការងារត្រូវយកចិត្តទុកដាក់វាយតម្លៃស្ថានភាពជាក់ស្ដែងនៃការរស់នៅ ដើម្បីបង្ការទប់ស្កាត់ជំងឺដង្កាត់ផ្សេងៗ។ ទឹកស្អាត និងបរិស្ថាន ក្រុមការងារត្រូវពិនិត្យលទ្ធភាពផ្គត់ផ្គង់ទឹកស្អាត និងការរៀបចំបរិស្ថានជុំវិញជម្រកឱ្យមានសុវត្ថិភាព។ ក្រុមការងារត្រូវធ្វើការឆ្លើយតបឲ្យទាន់ពេលវេលា ស្វែងរកតម្រូវការអាទិភាព ដើម្បីដាក់ចេញវិធានការគាំទ្រមនុស្សធម៌ និងសម្រាលទុក្ខលំបាករបស់បងប្អូនឱ្យមានប្រសិទ្ធភាពបំផុត។ លោកស្រីបន្តទៀតថា តំណាងកាកបាទក្រហមកម្ពុជាថ្នាក់កណ្ដាល មន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត អាជ្ញាធរមូលដ្ឋាន កងកម្លាំងពាក់ព័ន្ធ និងមន្ត្រីជំនាញ ត្រូវគិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅក្នុងជម្រកបណ្ដោះអាសន្នឲ្យកាន់តែប្រសើរ ។

លោកស្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជាដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជានិច្ចកាលតែងតែផ្ដល់ក្ដីមេត្តាករុណា និងការគិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋរងគ្រោះនៅគ្រប់ទិសទី ដោយមិនទុកឱ្យនរណាម្នាក់រងគ្រោះ ដោយមិនបានដឹងឮនោះឡើយ ៕


ដោយ ទិត ស្រ៊





