ប្រទះឃើញកំណើតកូនផ្សោតទន្លេមេគង្គទី៦ នៅដើមឆ្នាំ២០២៦នេះ ធ្វើឱ្យចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនឡើងសរុប ១១៨ក្បាល
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦-- កូនផ្សោតទន្លេមេគង្គទើបកើតថ្មីចំនួន១ក្បាលទៀត ត្រូវបានប្រទះឃើញនៅអន្លង់ផ្សោតកាំពី ក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។ នេះបើតាមការឱ្យដឹងពីសំណាក់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២៦ថា កូនផ្សោតនេះត្រូវបានរកឃើញដោយក្រុមផលិតព័ត៌មាននៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង១៥:២០នាទីរសៀល ហើយក៏ត្រូវបានចុះផ្ទៀងផ្ទាត់ដោយក្រុមការងារស្រាវជ្រាវនៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF ផងដែរ។ កូនផ្សោតនេះមានអាយុប្រមាណ៣ថ្ងៃ មានសុខភាពល្អ និងកំពុងហែលលេងជាមួយក្រុមសត្វផ្សោតពេញវ័យប្រមាណ ៦ក្បាល ផ្សេងទៀត។

ក្រសួងកសិកម្មឱ្យដឹងថា នេះគឺជាកូនផ្សោតទី៦ហើយដែលត្រូវបានកត់ត្រានៅដើមឆ្នាំ២០២៦។ តាមរយៈវត្តមានថ្មីនៃកូនផ្សោតនេះ បានធ្វើឱ្យចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនឡើងដល់ចំនួនសរុប ១១៨ក្បាល។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនឆ្មាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងការថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃនេះ។ កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងស្ថាប័នរដ្ឋ អង្គការដៃគូ និងសហគមន៍មូលដ្ឋាន គឺជាគន្លឹះដ៏សំខាន់ក្នុងការរក្សាបាននូវកំណើនសត្វផ្សោតជាបន្តបន្ទាប់។

ក្រសួងកសិកម្មបានអំពាវនាវដល់បងប្អូនប្រជានេសាទ និងប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តកិច្ចសហការ និងចូលរួមការពារសត្វផ្សោតដែលជារតនសម្បត្តិជាតិមានជីវិតរបស់យើង តាមរយៈការចូលរួមថែរក្សាបរិស្ថានទន្លេ និងគោរពតាមការណែនាំរបស់ឆ្មាំទន្លេ ដើម្បីឱ្យកូនផ្សោតតូចៗទាំងនេះអាចធំធាត់ដោយសុវត្ថិភាព។ ការចូលរួមរបស់បងប្អូន គឺជាដង្ហើមរស់របស់សត្វផ្សោតទន្លេមេគង្គ៕
ដោយ៖ មករា





