ទូតកម្ពុជានៅកូរ៉េបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យ ថាមពលស្អាត បច្ចេកវិទ្យាបៃតង និងការអភិវឌ្ឍធនធាន មនុស្ស
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦--ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយផ្តោតលើវិស័យអាទិភាពដូចជា ថាមពលស្អាត បច្ចេកវិទ្យាបៃតង និងការអភិវឌ្ឍធនធានមនុស្ស។

កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើ ញចូលរួម និងថ្លែងសុន្ទរកថាអបអ រសាទរក្នុងពិធីបើកវគ្គបណ្តុះបណ្តាលសមត្ថភាពសម្រាប់មន្ត្រីរាជការកម្ពុជា ស្តីពីបច្ចេកវិទ្យាថ្មីៗ និងការរៀបចំគោលនយោ បាយសម្រាប់វិស័យ e-mobility នៅកម្ពុជា។

កម្មវិធីនេះរៀបចំដោយទីភ្នាក់ងារសហប្រតិ បត្តិការអន្តរជាតិកូរ៉េ (KOICA) និងវិទ្យាស្ថានជាតិបច្ចេកវិទ្យាបៃតង (NIGT) នៅសណ្ឋាគារ Koreana ក្នុងទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។

កម្មវិធីនេះជាផ្នែកមួយនៃគម្រោងដៃគូអភិវឌ្ឍផ្លូវការ (ODA) របស់ KOICA ដែលមានគោលបំណងគាំទ្រកម្ពុជាក្នុងការកសាង និងបង្កើនសមត្ថភាពគោល នយោបាយជាតិ ព្រមទាំងបង្កើតមូលដ្ឋា នស្ថាប័នរឹងមាំសម្រាប់ការគ្រប់គ្រងថ្មយានយន្តអគ្គិសនី (EV) ចាប់ពីដំណាក់កាលផលិត ការប្រើប្រាស់ ការប្រមូល ការកែច្នៃ និងការប្រើប្រាស់ឡើងវិញ។

វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីមន្ត្រីជំនាញកម្ពុជានៃក្រសួងសាធារណ ការ និងដឹកជញ្ជូន ក្រសួងបរិស្ថាន ក្រសួ ងរ៉ែ និងថាមពល ដែលជាស្ថាប័នស្នូលក្នុងការជំរុញអភិវឌ្ឍវិស័យដឹកជញ្ជូនបៃតងនៅកម្ពុជា។
ក្នុងសុន្ទរកថា ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់ថា ការអភិវឌ្ឍវិស័យ e-mobility មិនត្រឹមតែជាជំហានសំខាន់សម្រាប់ការកាត់បន្ថយការបំពុលបរិស្ថាន និងការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែជាចំណុចស្នូលក្នុងការបំលែងសេដ្ឋកិច្ចកម្ពុជាទៅរកសេដ្ឋកិច្ចបៃតង និងឌីជីថល។
ឯកឧត្តមក៏បានលើកឡើងពីសារៈសំខាន់នៃការសហប្រតិបត្តិការអន្តរជាតិ ជាពិសេសជាមួយសាធារណរដ្ឋកូរ៉េ ក្នុងការផ្ទេរបច្ចេកវិទ្យា ការចែករំលែកបទពិ សោធន៍ និងការកសាងធនធាន មនុស្ស ដែលជាគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងមានភាពប្រកួតប្រជែង។
ជាមួយគ្នានេះ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយផ្តោតលើវិស័យអាទិភាពដូចជា ថាមពលស្អាត បច្ចេកវិទ្យាបៃតង និងការអភិវឌ្ឍធនធានមនុស្ស។
ឯកឧត្តមថាការខិតខំប្រឹងប្រែងទាំងនេះ ស្របតាមទិសដៅនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យអភិវឌ្ឍប្រកបដោយចីរភាព ការកាត់បន្ថយការបំពុល និងការលើកកម្ពស់គុណភាព ក៏ដូចជាសុខមាលភាពរបស់ប្រជាពលរដ្ឋក្នុងរយៈពេលវែង៕
ដោយ៖ ប៊ុនរិទ្ធ





