កម្ពុជា និងដៃគូអន្តរជាតិពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់លើការបង្ក្រាបបទល្មើសបច្ចេកវិទ្យានិងឧក្រិដ្ឋកម្មឆ្លងដែន
AKP ព្រះសីហនុ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦–
វគ្គបណ្តុះបណ្តាលស្តីពី «កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា» ត្រូវបានបើកដំណើរការជាផ្លូវការ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នៅខេត្តព្រះសីហនុ ក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ និងស្ថាប័នពាក់ព័ន្ធ ក្នុងការឆ្លើយតបទៅនឹងការវិវត្តនៃឧក្រិដ្ឋកម្មឆ្លងដែននាសម័យឌីជីថល។

ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី អនុប្រធានប្រចាំការនៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងជាប្រធានលេខាធិការដ្ឋាន គ.ប.ឆ.ប. ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងស្ថាប័នជាតិ និងអន្តរជាតិសំខាន់ៗ រួមមាន៖តំណាងក្រសួងយុត្តិធម៌ , តំណាងបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងតំណាងសាលាដំបូងរាជធានី-ខេត្តគោលដៅ, តំណាងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ,តំណាងនាយកដ្ឋានគាំពារជនរងគ្រោះ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា,មន្ត្រីជំនាញមកពីការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងបទល្មើស (UNODC), ក្រសួងយុត្តិធម៌នៃសាធារណរដ្ឋកូរ៉េ និងសហភាពអឺរ៉ុប (EU) ។

នៅក្នុងឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានចាត់ទុកថា វគ្គបណ្តុះបណ្តាលនេះនឹងរួមចំណែកផ្តល់ចំណេះដឹង និងបទពិសោធន៍ថ្មីបន្ថែមទៀត ក្នុងក្របខណ្ឌនីតិវិធីទាក់ទងនឹងការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ការដោះស្រាយភស្តុតាងឌីជីថល ក្នុងការស៊ើបអង្កេតឆ្លងកាត់ព្រំដែន ព្រមទាំងការកំណត់អត្តសញ្ញាណ ការពារ និងគាំទ្រដល់ជនរងគ្រោះនៃអំពើជួញដូរមនុស្ស។
វគ្គបណ្ដុះបណ្ដាលនេះ មិនត្រឹមតែជាការកសាងសមត្ថភាពបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីការប្ដេជ្ញាចិត្តរួមគ្នារបស់យើង ក្នុងការប្រកាសពង្រឹងនីតិរដ្ឋ ការពារសិទ្ធិមនុស្ស គាំពារជនរងគ្រោះ និងធានាឱ្យបានថា ជនល្មើសមិនអាចគេចផុតពីការទទួលខុសត្រូវចំពោះមុខច្បាប់បានឡើយ។
ឯកឧត្តមសន្តិបណ្ឌិតបន្តថា បច្ចុប្បន្នបទល្មើសបច្ចេកវិទ្យាមានទម្រង់កាន់តែស្មុគស្មាញ ដោយសារឧក្រិដ្ឋជនបានប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត និងបច្ចេកវិទ្យាទំនើបៗធ្វើជាឧបករណ៍បោកប្រាស់ និងអូសទាញជនរងគ្រោះ។ កត្តានេះ ទាមទារឱ្យសមត្ថកិច្ចជំនាញត្រូវយល់ដឹងកាន់តែច្បាស់អំពីយន្តការច្បាប់ និងការសម្របសម្រួលកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីបោសសម្អាតអំពើឆបោកទាំងនេះឱ្យអស់ពីកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រីបញ្ជាក់ថា «ស្ទើរគ្រប់ប្រទេសទាំងអស់ទទួលស្គាល់ថា បញ្ហានេះជាបញ្ហាឆ្លងដែន ដែលគ្មានប្រទេសណាមួយអាចដោះស្រាយតែម្នាក់ឯងបានឡើយ។ ក្នុងនាមជាប្រទេសតូច បើកចំហ និងកំពុងអភិវឌ្ឍ កម្ពុជាបានក្លាយជាគោលដៅដែលបណ្ដាញឧក្រិដ្ឋជនបរទេស ព្យាយាមមកប្រើប្រាស់ទឹកដីកម្ពុជាធ្វើជាមូលដ្ឋានប្រតិបត្តិការ។ ប៉ុន្តែ ខ្ញុំសូមគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឱ្យកម្ពុជា ក្លាយជាជម្រកសុវត្ថិភាពរបស់ឧក្រិដ្ឋជនអន្តរជាតិឡើយ។»
រាជរដ្ឋាភិបាលកម្ពុជា ទាំងក្នុងអាណត្តិមុន និងបច្ចុប្បន្ន បានប្រកាសចាត់ទុកការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងការជួញដូរមនុស្ស ជាកិច្ចការអាទិភាពខ្ពស់បំផុត ដោយបាននិងកំពុងដាក់ចេញនូវវិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ម៉ត់ចត់ និងខ្លាំងក្លាជាបន្តបន្ទាប់ ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សេដ្ឋកិច្ច ព្រមទាំងសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋទាំងនៅក្នុងប្រទេស និងលើសកលលោកទាំងមូល។
ជាមួយគ្នានេះ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះ អង្គការUNODC, ក្រសួងយុត្តិធម៌នៃសាធារណរដ្ឋកូរ៉េ និងសហភាពអឺរ៉ុប ដែលបានសហការឧបត្ថម្ភគាំទ្រផ្នែកថវិកា និងបច្ចេកទេស ក្នុងការផ្តួចផ្តើមឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើងសំដៅរួមចំណែកកសាងសមត្ថភាពកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។ កិច្ចសហការនេះឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរួម និងការប្តេជ្ញាចិត្តរួមរបស់យើង ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដែលកំពុងគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ នៅទូទាំងសកលលោក៕
ដោយ៖ គង់ សិរីរ័ត្ន





