ទូតកម្ពុជានៅកូរ៉េស្នើកូរ៉េជំរុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដើម្បីសម្រួលដល់ការនាំ ចេញ-នាំចូលទំនិញនៃប្រទេសទាំងពីរ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦--
ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េស្នើដល់កូរ៉េជំរុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េនេះ ដើម្បីសម្រួលដល់ការនាំចេញ-នាំចូលទំនិញនៃប្រទេសទាំងពីរ។
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ រួមជាមួយឯកអគ្គរាជទូត/រដ្ឋទូតនៃបណ្តាប្រទេសអាស៊ាន បានអញ្ចើញចូលរួមកិច្ចប្រជុំជាមួយឯកឧត្តម Yeo Han-Koo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ នៅសភាពាណិជ្ជកម្ម និងឧស្សាហកម្ម (Chamber of Commerce and Industry – KCCI) ក្នុងទីក្រុងសេអ៊ូល។
អង្គជំនួបបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសាធារណរដ្ឋកូរ៉េ និងអាស៊ាន និងបានផ្លាស់ប្តូរយោបល់លើយន្តការចាំបាច់មួយចំនួនដើម្បីជួយជំរុញដល់កំណើនពាណិជ្ជកម្មរវាងសាធារណរដ្ឋកូរ៉េ និងអាស៊ាន។


ក្នុងឱកាសនោះឯកឧត្តម Yeo Han-Koo បានបង្ហាញពីការប្តេជ្ញាចិត្តរបស់កូរ៉េក្នុងការជំរុញកិច្ចចរចាពាណិជ្ជកម្មសេរីកូរ៉េ-អាស៊ាន (Korea-ASEAN Free Trade Agreement) ឱ្យបានឆាប់ខាងមុខនេះ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងការស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់កូរ៉េក្នុងការពន្លឿនកិច្ចចចារពាណិជ្ជកម្មសេរីសាធារណរដ្ឋកូរ៉េ-អាស៊ាន។


ឯកឧត្តមក៏បានជម្រាបឯកឧត្តមរដ្ឋមន្ត្រីថា កម្ពុជា និងសាធារណរដ្ឋកូរ៉េ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលបានចូលជាធរមានតាំងពីឆ្នាំ ២០២២ ហើយវាជាយន្តការដ៏សំខាន់សម្រាប់ជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។
ឯកឧត្តមក៏បានស្នើជម្រុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េនេះ ដើម្បីសម្រួលដល់ការនាំចេញ-នាំចូលទំនិញនៃប្រទេសទាំងពីរ៕

ដោយ៖ ប៊ុនរិទ្ធ





