ពលរដ្ឋមានការគាំទ្រច្រើនឡើងៗចំពោះផ្សារចុងសប្តាហ៍នៅសួនច្បារមាត់ស្ទឹងសៀមរាប
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦--
ផ្សារចុងសប្តាហ៍ដែលមានទីតាំងនៅលើសួនច្បារមាត់ស្ទឹងសៀមរាប ក្រុងសៀមរាប កំពុងទទួលបាននូវការគាំទ្រច្រើនឡើងៗពីពលរដ្ឋ ដែលធ្វើឱ្យផ្សារក្នុងមួយសប្តាហ៍បើកលក់តែពីរថ្ងៃគឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យមួយនេះមិនមែនត្រឹមតែជាកន្លែងទិញលក់បន្លែ ផ្លែឈើធម្មតាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាស្ពានចម្លងក្តីសង្ឃឹមដែលភ្ជាប់បេះដូងអ្នកដាំដុះនៅជនបទមកកាន់តុអាហាររបស់អ្នកក្រុងថែមទៀតផង។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ លោក តាន់ ជាយុទ្ធថា អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឱ្យដឹងថា ផ្សារចុងសប្តាហ៍សៀមរាបនេះត្រូវបានអាជ្ញាធរខេត្តអនុញ្ញាតឱ្យបើកដំណើរការនៅក្នុងឆ្នាំ២០១៥ ដែលវាគឺជាផ្សារសម្រាប់លក់កសិផលដែលបងប្អូនកសិករផលិតបាន ដោយលោកបានគូសបញ្ជាក់ថា បន្លែ ផ្លែឈើដែលត្រូវយកមកលក់ជូនអ្នកទទួលទាននៅផ្សារចុងសប្តាហ៍សៀមរាបនេះត្រូវតែជាបន្លែ ផ្លែឈើដែលសុវត្ថិភាព ពោលគឺការដាំដុះដោយមិនប្រើប្រាស់ជីគីមី ឬថ្នាំគីមីពុលដែលនាំឱ្យខូចសុខភាពអ្នកទទួលទាន។

លោក តាន់ ជាយុទ្ធថា បានឱ្យដឹងថា ខេត្តសៀមរាបបច្ចុប្បន្នមាន ៦៩សហគមន៍កសិករ ប៉ុន្តែអ្នកដាំបន្លែជាអាជីពគឺមានតែ ២៣សហគមន៍ប៉ុណ្ណោះ ដែលជាអ្នកដាំបន្លែសម្រាប់យកមកផ្គត់ផ្គង់នៅផ្សារចុងសប្តាហ៍នេះ ដោយបងប្អូនជាសមាជិកក្នុងសហគមន៍អាចផលិតបន្លែបានពី១០០ ទៅ១៥០គីឡូក្រាមក្នុង១ថ្ងៃសម្រាប់ផ្គត់ផ្គង់ទីផ្សារទូទៅផង និងផ្គត់ផ្គង់ទីផ្សារចុងសប្តាហ៍នេះផង ដែលធ្វើឱ្យផ្សារចុងសប្តាហ៍នេះក្លាយជាមជ្ឈមណ្ឌលប្រមូលផ្តុំកសិផលសុវត្ថិភាព ដែលត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំងពីចម្ការកសិករក្នុងសហគមន៍យើងផ្ទាល់ ពោលគឺគ្រប់បន្លែមួយទង និងផ្លែឈើមួយផ្លែដែលដាក់លក់នៅទីនេះ គឺជាលទ្ធផលនៃការដាំដុះដោយយកចិត្តទុកដាក់តាមស្តង់ដារបច្ចេកទេស និងការប្រើប្រាស់ជីធម្មជាតិ ពោលគឺជាការដាំដុះបែបកសិអេកូឡូស៊ី ដើម្បីធានាថាគ្រប់មុខម្ហូបក្នុងគ្រួសាររបស់លោកអ្នកប្រកប ដោយសុខុមាលភាពបំផុត។

លោក តាន់ ជាយុទ្ធថា បានសម្តែងនូវមោទនភាពចំពោះផលិតផលកសិកម្មរបស់បងប្អូនប្រជាសហគមន៍ទទួលបានការគាំទ្រច្រើនឡើងៗពីអ្នកទទួលទាន ខណៈដែលមន្ត្រីជំនាញពាក់ព័ន្ធ បាន និងកំពុងយក ចិត្តទុកដាក់ទៅលើបញ្ហាបច្ចេកទេសបន្ថែម ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់ទទួលបាននូវបច្ចេកទេសថ្មីៗ បន្ថែមទៀតក្នុងការផលិតនូវបន្លែដែលមានសុវត្ថិភាពសម្រាប់ជូនអ្នកប្រើប្រាស់។ ដូច្នេះសូមអ្នកប្រើប្រាស់អញ្ជើញមកកាន់សួនច្បារមាត់ស្ទឹងសៀមរាបនៅរៀងរាល់ចុងសប្ដាហ៍ គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចាប់ពីម៉ោង ៧ព្រឹកតទៅ ដើម្បីទិញបន្លែសុវត្ថិភាពយកទៅកាន់ផ្ទះបាយរបស់លោកអ្នក៕
ដោយ៖ ចាន់ សុភឿន





