ឯកឧត្តម សួស អង្គារ៍ ជំរុញរដ្ឋបាលខេត្តកំពង់ធំបន្តស្រាវជ្រាវ (Online Scam) ពង្រឹងកិច្ចសហការ ត្រួតពិនិត្យទីតាំងសង្ស័យ និងបង្ក្រាបក្នុងភូមិសាស្ត្រខេត្ត
AKP កំពង់ធំ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦--
ឯកឧត្តម សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជំរុញរដ្ឋបាលខេត្តកំពង់ធំស្រាវជ្រាវការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ពង្រឹងកិច្ចសហប្រតិបត្តិការពិនិត្យទីតាំងសង្ស័យ និងបង្ក្រាបក្នុងភូមិសាស្ត្រខេត្ត។ ឯកឧត្តមរដ្ឋលេខាធិកាបានជំរុញដូចនេះក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពីការបន្តនិរន្តរភាពយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ក្នុងព្រះរាជាណាចក្រកម្ពុជាដោយមានការចូលរួមពីលោក អ៊ុន បុត្ត អភិបាលរងខេត្ត តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ព្រមទាំងមន្ត្រីពាក់ព័ន្ធ ប្រធាន អនុប្រធានមន្ទីរ កងកម្លាំងទាំងបីនិងអាជ្ញាធរក្រុងស្រុកទាំង៩កាលពីថ្ងៃទី២៤ខែមេសា ឆ្នាំ២០២៦នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

លោក អ៊ុន បុត្ត បានរាយការណ៍អំពីកិច្ចប្រតិបត្តិការទប់ស្កាត់បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំរយៈពេលកន្លងមក អំពីយុទ្ធសាស្ត្រ និងកិច្ចប្រតិបត្តិការ ក្រៅពីមានបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំបានរៀបចំផែនការស្តីពីយុទ្ធសាស្ត្របោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam)និងបានធ្វើសកម្មភាពត្រួតពិនិត្យតាមបណ្តាគោលដៅសំខាន់ៗ រួមមាន÷ក្រុមហ៊ុន រោងចក្រ សហគ្រាសជនបរទេសនិងទីតាំងសង្ស័យនានាក្រុមហ៊ុន រោងចក្រសហគ្រាសដែលមានជនបរទេសកំពុងបម្រើការដើម្បីធានាបានក្នុងភូមិសាស្ត្រខេត្តកំពង់ធំមិនមានទីតាំងលួចលាក់ធ្វើប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ឯកឧត្តម សួស អង្គារ៍ បានណែនាំឱ្យក្រុមការងារទាំងអស់បន្តជំរុញការផ្សព្វផ្សាយគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” និងការទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងផ្សព្វផ្សាយអំពីល្បិចកលនិងវិធីការពារខ្លួនដល់សាធារណៈជនជាពិសេសយុវជនឱ្យបានទូលំទូលាយ។ ជាមួយគ្នានេះដែរកម្លាំងនគរបាលជំនាញ និងអាជ្ញាធរពាក់ព័ន្ធត្រូវពង្រឹងកិច្ចសហការក្នុងការបែងចែកភារកិច្ចទទួលខុសត្រូវនិងត្រួតពិនិត្យទីតាំងសង្ស័យតាមសណ្ឋាគារ ផ្ទះសំណាក់និងទីតាំងផ្សេងៗ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនឹងនេះ ត្រូវបន្តអនុវត្តវិធានការចុះស្រាវជ្រាវតាមមូលដ្ឋានដើម្បីកំណត់ និងបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅក្នុងភូមិសាស្ត្រខេត្ត៕

ដោយ ស៊ុម វណ្ណា





