គ្រួសារមួយចំនួនក្នុងឃុំកៀនសង្កែកំពុងកាក់កបនឹងមុខរបរដាំបន្លែ និងចិញ្ចឹមសត្វតាមបែប កសិអេកូឡូស៊ី
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦--
លោក ប្លោក ប៉ៃ ជំទប់ទី១ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប បានឱ្យដឹងថា ក្នុងឃុំរបស់លោកបច្ចុប្បន្នមានប្រជាពលរដ្ឋរស់នៅសរុបប្រមាណជាង ១.០០០គ្រួសារ ក្នុងនោះមានប្រហែលជា ៣០០គ្រួសារបានចាប់យកមុខរបរចិញ្ចឹមជីវិត ដោយការចិញ្ចឹមសត្វ និងដាំបន្លែតាមបែបកសិអេកូឡូស៊ី ដែលមានគ្រួសារមួយចំនួនកំពុងកាក់កបនឹងមុខរបរមួយនេះ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងស្រុកប្រមាណ២០ស្ថាប័ន ដែលត្រូវបានបណ្តាញកសិអេកូឡូស៊ីកម្ពុជា (ALiSEA) សហការជាមួយគម្រោង TETARD នៃអង្គការ Gret រួមនឹងដៃគូមួយចំនួនទៀត អញ្ជើញឱ្យទៅធ្វើទស្សនកិច្ចសិក្សា ដើម្បីឈ្វេងយល់ពីការអនុវត្តកសិអេកូឡូស៊ីនៅខេត្តសៀមរាប ដោយសហគមន៍ដាំដុះដំណាំ និងចិញ្ចឹមសត្វ លោក ប្លោក ប៉ៃ ជំទប់ទី១ឃុំកៀនសង្កែបានឱ្យដឹងថា ពលរដ្ឋក្នុងឃុំរបស់លោកប្រហែលជា ៣០០គ្រួសារបានចាប់យកមុខរបរចិញ្ចឹមសត្វ និងដាំបន្លែបែបកសិអេកូឡូស៊ី ដែលមានអ្នកជំនាញរបស់អង្គការចុះមកបង្រៀនដោយត្រឹមត្រូវ និងច្បាស់លាស់ ក្នុងនោះធ្វើឱ្យគ្រួសារមួយចំនួនមានជីវភាពប្រែប្រួលខ្លាំង។ ប្រែប្រួលខ្លាំងដោយសារថា កាលពីមុនផ្ទះសម្បែងរបស់ពួកគាត់ខ្លះជាផ្ទះស្បូវ ជាផ្ទះស្លឹកត្នោត ឬជាផ្ទះស័ង្កសី តែឥឡូវនេះមិនដូចកាលពីមុនទៀតទេ។ មិនដូចពីមុនដោយបច្ចុប្បន្នវាបានប្រែក្លាយជាផ្ទះក្បឿង ផ្ទះហ្វីប្រូស៊ីម៉ង់ត៍មួយចំនួនហើយ ដោយសារតែមុខរបរចិញ្ចឹមសត្វ និងដាំបន្លែបែបកសិអេកូឡូស៊ី រួមនឹងមុខរបរបន្ទាប់បន្សំមួយចំនួនទៀត។

លោក ប្លោក ប៉ៃ បានថ្លែងថា ដំណាំកសិអេកូឡូស៊ីគឺជាដំណាំស្អាតគ្មានជាតិគីមី មិនបំះពាល់ដល់សុខភាពអ្នកទទួលទាន និអាចលក់បានក្នុងតម្លៃថ្លៃជាងបន្លែ ផ្លែឈើដែលមិនដាំតាមបែបកសិអេកូឡូស៊ី ជាពិសេសគឺមានអ្នកទទួលទិញអស់ៗថែមទៀតផងឱ្យតែកសិករយើងអាចផលិតបាន។ ដូច្នេះ ក្នុងនាមជាអាជ្ញាធរមូលដ្ឋានលោកសូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋងាកមកដាំដំណាំ ឬការចិញ្ចឹមសត្វតាមបែបកសិអេកូឡូស៊ីវិញ ដើម្បីបង្កើនចំណូលគ្រួសារផង និងដើម្បីរួមគ្នាការពារដល់សុខភាពអ្នកទទួលទានផង ព្រមទាំងការពារដល់បរិស្ថានផងដែរ ព្រោះការដាំដំណាំ ឬចិញ្ចឹមសត្វតាមបែបកសិអេកូឡូស៊ីគឺពុំប្រើជីគីមី ឬថ្នាំពុលគីមីសម្រាប់សម្លាប់សត្វល្អិត ដែលធ្វើឱ្យប៉ះពាល់អ្វីឡើយ៕

ដោយ៖ ចាន់ សុភឿន





