សិង្ហបុរីបង្ហាញផែនទីបង្ហាញផ្លូវថ្មីដើម្បីជំរុញនវានុវត្តន៍ក្នុងវិស័យសមុទ្រ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ -- អាជ្ញាធរសមុទ្រ និងកំពង់ផែសិង្ហបុរី (MPA) និងវិទ្យាស្ថានសមុទ្រសិង្ហបុរី (SMI) កាលពីពេលថ្មីៗនេះបានបង្ហាញផែនការជាតិថ្មីមួយ ដើម្បីជំរុញបច្ចេកវិទ្យា និងការស្រាវជ្រាវសមុទ្រ។
អាជ្ញាធរ MPA ក៏បានប្រកាសពីភាពជាដៃគូថ្មីជាមួយសមាគមដឹកជញ្ជូនសិង្ហបុរី (SSA) ផងដែរ ដើម្បីបង្កើនការទទួលយកបញ្ញាសិប្បនិម្មិត (AI) ក្នុងចំណោមក្រុមហ៊ុននានាក្នុងវិស័យនេះ។
ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យា និងស្រាវជ្រាវសមុទ្រសិង្ហបុរី មានគោលបំណងជំរុញប្រសិទ្ធភាព និងនិរន្តរភាពរបស់វិស័យនេះ។ វាបានគូសបញ្ជាក់ពីអាទិភាពនានា រួមទាំងបច្ចេកវិទ្យាឌីជីថល ការកាត់បន្ថយកាបូននិងការរួមបញ្ចូលប្រតិបត្តិការ ដើម្បីជំរុញភាពធន់ ផលិតភាព និងនវានុវត្តន៍នៅក្នុងប្រព័ន្ធអេកូឡូស៊ីសមុទ្ររបស់សិង្ហបុរី។ វាក៏ដោះស្រាយបញ្ហារចនាសម្ព័ន្ធ ដូចជាកម្លាំងមនុស្ស ដែនកំណត់លំហដី និងសមុទ្រជាដើម។
វិស័យសកម្មភាពសំខាន់ៗចំនួនបួនត្រូវបានគូសបញ្ជាក់ ដែលរួមមានប្រតិបត្តិការកំពង់ផែស្វយ័ត ការផ្គត់ផ្គង់ថាមពលជំនួសដែលមានសុវត្ថិភាពនិងប្រសិទ្ធភាព នាវាឆ្លាតវៃ និងសេវាកម្មកំពង់ផែឆ្លាតវៃរួមបញ្ចូលគ្នា។
ប្រទេសសិង្ហបុរីមានគម្រោងវិនិយោគជាង ១០០លានដុល្លារសិង្ហបុរី(៧៨,៦៨លានដុល្លារអាម៉េរិក) ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) សម្រាប់វិស័យអាទិភាពទាំងនេះក្នុងរយៈពេលប្រាំឆ្នាំខាងមុខ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





