អ្នកកាសែតលីបង់ម្នាក់ស្លាប់ក្នុងពេលបំពេញកាតព្វកិច្ច ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ -- កាកបាទក្រហមបាននិយាយកាលពីថ្ងៃពុធថា ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើប្រទេសលីបង់បានសម្លាប់អ្នកកាសែតលីបង់ម្នាក់ គឺលោកស្រី អាម៉ាល់ ខាលីល (Amal Khalil) ខណៈដែលលោកស្រីកំពុងបំពេញកាតព្វកិច្ចការងារ។
ទីភ្នាក់ងារសារព័ត៌មានជាតិរបស់រដ្ឋលីបង់ បានរាយការណ៍នៅព្រឹកនេះថា «កងកម្លាំងកាន់កាប់របស់អ៊ីស្រាអែលកំពុងឡោមព័ទ្ធអ្នកកាសែត អាម៉ាល់ ខាលីល និងអ្នកកាសែត ហ្សេណាប់ ហ្វារ៉ាច (Zeinab Faraj) ហើយបានរារាំងក្រុមការងារកាកបាទក្រហម និងកងទ័ពលីបង់មិនឱ្យចូលទៅរកពួកគេ»។
មនុស្សជាង ២.២០០នាក់ត្រូវបានសម្លាប់ និងជាង ១លាននាក់ត្រូវបានផ្លាស់ទីលំនៅដោយសារការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់ចាប់តាំងពីថ្ងៃទី០២ ខែមីនា មិនយូរប៉ុន្មានបន្ទាប់ពីការចាប់ផ្តើមសង្គ្រាមអ៊ីរ៉ង់។ ការវាយប្រហារនៅតែបន្ត បើទោះបីជាមានបទឈប់បាញ់រយៈពេល១០ថ្ងៃដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ដែលបានព្រមព្រៀងគ្នានៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ក៏ដោយ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





