អាជ្ញាធរខេត្តកំពង់ឆ្នាំងចូលរួមប្រជុំពេញអង្គគណ:រដ្ធមន្រ្តី តាមរយ:វីដេអូរ Zoom ដោយមានរបៀបវារៈសំខាន់ៗចំនួន៥
AKP កំពង់ឆ្នាំង ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦-- ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំពេញអង្គគណ:រដ្ធមន្រ្តី តាមរយ:វីដេអូរ Zoom នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ធមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោក អម សុភា អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយកនាយករងរដ្ឋបាលខេត្ត ប្រធានអង្គភាពជុំវិញខេត្ត និង អភិបាលក្រុងស្រុកផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានដកស្រងខ្លឹមសារក្នុងអង្គប្រជុំ លើរបៀបវារៈសំខាន់ៗរួមមាន៖១.សេចក្តីព្រាងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៧-២០២៩។ ២. សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា។ ៣.សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៧-២០២៩។ ៤.សេចក្តីព្រាងគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥។ ៥.របាយការណ៍វឌ្ឍនភាពស្តីពីការអនុវត្តវិធានការអន្តរាគមន៍ជួយអតីតពលករដែលវិលត្រឡប់ពីប្រទេសថៃ។

ទន្ទឹមនឹងនេះឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ថា អាជ្ញាធរមូលដ្ឋានក្រុង ស្រុក និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ទីរពាក់ព័ន្ធ ត្រូវបន្តខិតខំប្រឹងប្រែងចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋាន ជាពិសេសត្រូវបន្តសកម្មភាពបង្ក្រាប និងទប់ស្កាត់រាល់បទល្មើស ដែលកំពុងតែកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ។ ជាពិសេសគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ និងទប់ស្កាត់បណ្តាញឧក្រិដ្ឋកម្ម គឺជាផ្នែកមួយនៃសកម្មភាពអនុវត្តច្បាប់យ៉ាងទូលំទូលាយ ដើម្បីបង្ក្រាបក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)ឱ្យមានប្រសិទ្ធិភាព។

ត្រូវបន្តពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់តាមទីសាធារណ: និងនៅតាមមូលដ្ឋានដើម្បីទទួលបាននូវសុខសុវត្ថិភាព ផ្សាភ្ជាប់ទៅនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាបានបញ្ជាក់ទៀតថា តាមរយៈកិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងនូវមតិយោបល់ល្អៗ ប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ ពីសំណាក់ឯកឧត្តម លោកជំទាវសមាជិកសមាជិកា លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់បានបង្ហាញឲ្យឃើញថា ដំណើរការនៃកិច្ចប្រជុំពេញអង្គ ប្រព្រឹត្តទៅតាមលំដាប់លំដោយ និងទទួលបានលទ្ធផលល្អតាមការគ្រោងទុក។

គោលនយោបាយ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ត្រូវគិតគូជាចម្បងចូលរួមជាមួយរដ្ឋបាលខេត្តជួយបឧបត្ថម្ភជាថវិកា សម្ភារប្រើប្រាស់ សម្ភារបរិក្ខាពេទ្យ គ្រឿងទេស ថ្នាំមូស និងគ្រឿងឧបភោគបរិភោគផ្សេងៗ តាមលទ្ធភាព ដើម្បីរួមចំណែកក្នុងការគាំទ្រ និងលើកទឹកចិត្តដល់វីរៈកងទ័ពជួរមុខ ដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុងឧត្តម ការពារបូរណភាពទឹកដី៕
ដោយ បៃ ស៊ីថុន





