អភិបាលខេត្តបាត់ដំបងចុះពិនិត្យការសាងសង់សួនសិល្បៈដែលជាសួនតាំងបង្ហាញរូបសំណាកអតីតសិល្បករ និងកវីនិពន្ធជំនាន់ដើម
AKP បាត់ដំបង ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦--ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីតាំងគម្រោងកែលម្អសួនសិល្បៈក្រុងបាត់ដំបងដែលជាសួនមួយប្រមូលផ្ដុំទៅដោយរូបសំណាកអតីតសិល្បករ និងកវីនិពន្ធជំនាន់ដើមដែលមានដើមកំណើតនៅខេត្តបាត់ដំបង។

ឯកឧត្តម សុខ លូ បានអញ្ជើញជួបសាកសួរសុខទុក្ខជាមួយសាច់ញាតិសិល្បករ និងកវីនិពន្ធជំនាន់ដើមដែលមានរូបសំណាកត្រូវតាំងបង្ហាញក្នុងសួនសិល្បៈ។ តាមរយៈជំនួបជាបន្តបន្ទាប់សាច់ញាតិសិល្បករ និងកវីនិពន្ធ បានថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលខេត្តដែលបានយកចិត្តទុកដាក់លើកតម្កើងកេរ្តិ៍ឈ្មោះ និងដឹងគុណចំពោះសិល្បករជំនាន់ដើមតាមរយៈការរៀបចំសួនសិល្បៈ និងការសាងសង់រូបសំណាក សិល្បករ សិល្បការិនី ជំនាន់ដើមដែលមានដើមកំណើតចេញពីខេត្តបាត់ដំបង។

សូមជម្រាបផងដែរថា សួនសិល្បៈក្រុងបាត់ដំបងសាងសង់បានប្រមាណជាង៨០%ហើយក្រុមការងារនឹងបន្តធ្វើការកែលម្អ និងសាងសង់បន្ថែមទៀត។ នៅពេលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការរដ្ឋបាលខេត្តនឹងអញ្ជើញសាច់ញាតិក្រុមគ្រួសារនៃកវីនិពន្ធ និងតារាចម្រៀងមកចូលរួមផងដែរ។

សូមរំលឹកថា បាត់ដំបងគឺជាខេត្តដ៏ចំណាស់ប្រមូលផ្ដុំទៅដោយសិល្បៈវប្បធម៌ដ៏សំបូរបែប ដូច្នេះដើម្បីចូលរួមលើកកម្ពស់ដល់កំណើនភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនាកម្សាន្តឱ្យកាន់តែច្រើនឡើង រដ្ឋបាលខេត្តបាត់ដំបងក្រោមគំនិតផ្តួចផ្តើមពីឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត បានរៀបចំស្ថាបនាសួនសិល្បៈ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយដងស្ទឹងសង្កែ ត្រើយខាងលិច រ៉បតាមបណ្ដោយផ្លូវលេខ១ ចាប់ពីគល់ស្ពានថ្មសម្តេចក្រឡាហោម ស ខេង ដល់ស្ពានសោហឺ ឬស្ពានថ្មថ្មី នៃក្រុងបាត់ដំបង។ ការអភិវឌ្ឍសួនសិល្បៈនេះ នឹងធ្វើឱ្យក្រុងបាត់ដំបងកាន់តែមានសោភ័ណភាព ក៏ដូចជាភាពទាក់ទាញ ជាមួយនឹងបរិបទនៃដងស្ទឹងសង្កែ ដែលជាដងស្ទឹងមានកេរិ៍្តឈ្មោះបោះសំឡេងល្បីល្បាញនៅក្នុងទឹកដីនៃខេត្តបាត់ដំបង។

គោលបំណងសំខាន់នៃការបង្កើតសួនសិល្បៈ គឺដើម្បីលើកស្ទួយសិល្បៈវប្បធម៌របស់ខេត្ត និងបង្កើនការទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តបាត់ដំបង។ រូបសំណាកអតីតសិល្បករ សិល្បការិនី កវីនិពន្ធ អ្នកចម្រៀងជំនាន់ដើម ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ហើយមានដើមកំណើតនៅខេត្តបាត់ដំបងត្រូវបានដាក់តាំងបង្ហាញនៅក្នុងបរិវេណសួនសិល្បៈនេះ ក្នុងនោះក៏រូបសំណាកអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត មួយដែរបើទោះបីជាលោកមិនមានដើមកំណើតនៅខេត្តបាត់ដំបងក្តី ប៉ុន្តែលោកបានច្រៀងបទចម្រៀងពីខេត្តបាត់ដំបងជាច្រើនដែលបានរួមចំណែកបង្កើតភាពល្បីល្បាញរបស់ខេត្តបាត់ដំបង៕
ដោយ នឿត សុភ័ក្ត្រ





