កូនឈើជាង៥ពាន់ដើមត្រូវបានចែកជូនគ្រួសារពលរដ្ឋភៀសសឹកនៅស្រុកស្វាយចេក ដើម្បីបង្កើនសេដ្ឋកិច្ច និងគម្របបៃតង
AKP បន្ទាយមានជ័យ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦-- ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់លើជីវភាពរស់នៅ និងការកសាងបរិស្ថានបៃតងនៅតាមសហគមន៍ថ្មី នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ នាភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុំ រាត្រីអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីចែកកូនឈើហូបផ្លែ និងឈើលម្អដល់ពលរដ្ឋភៀសសឹក ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ។

ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅបណ្ដោះអាសន្នលើផ្ទះអតីតយុទ្ធជន លោក ឃ្លោក នួយ បានសង្កត់ធ្ងន់ថា ការចែកកូនឈើនាពេលនេះ មិនមែនគ្រាន់តែជាការបំពេញតាមទម្លាប់នោះទេ ប៉ុន្តែវាគឺជាការបណ្តុះនូវ «សន្តិសុខស្បៀង»និង «ម្លប់មេត្រី» សម្រាប់គ្រួសារនីមួយៗ។ "កូនឈើមួយដើមដែលបងប្អូនដាំនៅថ្ងៃនេះ នឹងក្លាយជាអាហារ និងជាម្លប់សម្រាប់កូនចៅបងប្អូននៅថ្ងៃអនាគត។ នេះគឺជាមនោសញ្ចេតនារបស់ថ្នាក់ដឹកនាំ ដែលចង់ឃើញបងប្អូនមានជីវភាពធូរធារ និងរស់នៅក្នុងបរិស្ថានស្រស់បំព្រង"។

កម្មវិធីនេះបានផ្តោតសំខាន់លើគ្រួសារពលរដ្ឋភៀសសឹកចំនួន ២,៨០៥ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវកូនដើមចាន់គីរី១ ដើម បង្កើតជាម្លប់ត្រជាក់ និងសោភ័ណភាពសហគមន៍ និងកូនដើមខ្នុរ ១ ដើម បង្កើនប្រភពអាហារ និងចំណូលបន្ថែមក្នុងគ្រួសារ។

ក្នុងនាមតំណាងឱ្យឯកឧត្តមអភិបាលខេត្ត លោកអភិបាលរងបានរំលឹកដល់បងប្អូនប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ថែទាំកូនឈើទាំងនេះឱ្យរស់រានមានជីវិតល្អ ព្រោះវាជាតំណាងឱ្យការលូតលាស់នៃជីវភាពថ្មីលើដីមាតុភូមិ។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះទឹកចិត្តសប្បុរសធម៌របស់ ឯកឧត្តម កែ គឹមយ៉ាន ដែលតែងតែនៅកៀកជាប់ជាមួយសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យគ្រប់កាលៈទេសៈ។
ព្រឹត្តិការណ៍នេះមិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់ផ្នែកសុខុមាលភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រ «ខ្សែក្រវាត់បៃតង» នៅតាមបណ្តោយព្រំដែន និងតំបន់ដាច់ស្រយាល ដើម្បីប្រែក្លាយតំបន់ធ្លាប់តែមានជម្លោះ ឱ្យទៅជាតំបន់កសិកម្ម និងសន្តិភាពប្រកបដោយនិរន្តរភាព៕
ដោយ ឈុន សារ៉ាត





