សម្ដេចធិបតី៖ ក្នុងរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១២-១៧ ខែមេសា មានប្រជាពលរដ្ឋចំនួន១១៩.៤៩០នាក់ បានជឿទុកចិត្ត និងមកទទួលសេវាដឹកជញ្ជូនដោយឥតគិតថ្លៃ
AKP ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦–ក្រោមការយកចិត្តទុកដាក់ និងចង្អុលបង្ហាញដោយផ្ទាល់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដាក់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដេីម្បីរៀបចំសេវារថយន្តក្រុងដឹកជញ្ជូនប្រជាពលរដ្ឋ ធ្វើដំណើរទៅលេងស្រុកកំណើត អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ, ក្នុងរយៈពេល៦ថ្ងៃ ពីថ្ងៃទី១២-១៧ ខែមេសា ដែលជាការកាត់បន្ថយបន្ទុកចំណាយសម្រាប់បងប្អូន អាចយកទៅប្រេីប្រាស់ក្នុងគោលដៅផ្សេងៗ រួមទាំងការធ្វេីបុណ្យទានផងដែរ។

ជាលទ្ធផលមានប្រជាពលរដ្ឋចំនួន១១៩.៤៩០នាក់ បានជឿទុកចិត្ត និងមកទទួលសេវាដឹកជញ្ជូនដោយឥតគិតថ្លៃរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានកេីនឡេីនចំនួន ៣៣.៦៤១នាក់ ស្មើនឹង ៣៩%។ ជាមធ្យម ក្នុងពលរដ្ឋម្នាក់ ត្រូវចំណាយថវិកាប្រមាណ ១០ម៉ឺន ឬ២៥$ សម្រាប់ការធ្វើដំណើរទៅមក ហើយមធ្យោបាយដឹកជញ្ជូនឥតគិតថ្លៃនេះ បានជួយសម្រួលបន្ទុកចំណាយសរុបរបស់ប្រជាពលរដ្ឋប្រមាណ ១២ពាន់លានរៀល ឬស្មើនឹងប្រមាណ ៣លានដុល្លារ ដែលចំនួនទឹកប្រាក់នេះ បានចែករំលែកចូលទៅកាន់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការចំណាយនានានៅស្រុកកំណើត ជំនួសឱ្យការធ្វើដំណើរតែមួយមុខ។
សេវាដឹកជញ្ជូនឥតគិតថ្លៃ មិនត្រឹមបានជួយសម្រាលបន្ទុកចំណាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកាតាលីករជំរុញចរន្តសេដ្ឋកិច្ចមូលដ្ឋានផងដែរ សម្តៅលើកកម្ពស់កំណើនចំណូលរបស់ប្រជាពលរដ្ឋមូលដ្ឋានទាំងមូល៕
ដោយ៖ គង់ សិរីរ័ត្ន





