មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបើកកិច្ចប្រជុំស្ដីពីការលុបបំបាត់ជំងឺគ្រុនចាញ់
AKP កំពង់ឆ្នាំង ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦-- លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំងបានដឹកនាំកិច្ចប្រជុំស្ដីពីការលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុង និងមិនឱ្យកើតមាននៅក្នុងឆ្នាំ២០២៦ កិច្ចប្រជុំនេះធ្វើនៅមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង និងជាអនុប្រធានក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ខេត្ត តំណាងមន្ទីរអង្គភាពពាក់ព័ន្ធ និងអភិបាលក្រុង-ស្រុកទូទាំងខេត្តផងដែរ។

ថ្លែងក្នុងឱកាសនោះ លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានអានរបាយការណ៍ស្ដីពីការលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងក្នុងខេត្តកំពង់ឆ្នាំង គឺធានារក្សាបាន គ្មានប្រជាពលរដ្ឋណាស្លាប់ដោយករណីជំងឺគ្រុនចាញ់នោះ គិតពីឆ្នាំ២០២០ មកដល់បច្ចុប្បន្ននេះ។ នេះជាលទ្ធផលវិជ្ជមានមួយដែលជាការឆ្លើយតបទៅនឹងទិសដៅរយៈពេលខ្លី ឆ្នាំ២០២០-២០២៦ នៃផែនការយុទ្ធសាស្រ្តជាតិលុបំបាត់ជំងឺគ្រុនចាញ់។ ដើម្បីឈានទៅសម្រេចទិសដៅយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់អោយបានក្នុងដំណាច់ឆ្នាំ២០២៦ យើងត្រូវរួមគ្នាគិតគូ ទាំងមន្ទីរស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ អង្គការដៃគូ អាជ្ញាធរដែនដី បណ្តាញអ្នកស្ម័គ្រចិត្តភូមិ និងសហគមន៍ ដែលជាក្រុមការងារពិសេសលុបបំបាត់ជម្ងឺគ្រុនចាញ់ខេត្ត ត្រូវជំរុញការងារនេះសម្រេចតាមទិសដៅយុទ្ធសាស្រ្តជាតិ ឆ្នាំ២០២៦ ប្រទេសកម្ពុជា គ្មានជំងឺគ្រុនចាញ់។

ទន្ទឹមនឹងនេះ លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែល បានគាំទ្រយ៉ាងពេញទំហឹងចំពោះគ្រប់សកម្មភាពទាំងអស់ដែលបាន និងកំពុង អនុវត្តក្នុងការជំរុញ និងបំផុសការយល់ដឹងជាសារធារណៈនិងការយល់ដឹងឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស ជាពិសេស នៅតាមទីជនបទ ដើម្បីផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់របស់ប្រជាពលរដ្ឋ ក្នុងការប្រតិបត្តិនៃការរស់នៅស្អាត។

ថ្លែងក្នុងបរិបទនេះ លោកអភិបាលរងបានបញ្ជាក់ទៀតថា ជំងឺគ្រុនចាញ់មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សុខភាពខាតបង់ថវិការតាមរយៈការចំណាយដោយផ្ទាល់លើការព្យាបាល ការខាតបង់ការងារ ការបាត់បង់ផលិតភាព និងអាយុជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កផលប៉ះពាល់អវិជ្ជមានដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចទៀតផង។ ម្យ៉ាងទៀត ប្រជាពលរដ្ឋទាំងអស់ត្រូវតែរស់នៅស្អាត ផឹកស្អាត និងរស់នៅក្នុងបរិស្ថានល្អ កុំចោសសំរាមពាលវាលពាសកាល។ ប្រជាពលរដ្ឋទាំងអស់ និងមន្ត្រីជំនាញពាក់ព័ន្ធ ចូលរួមយ៉ាងសកម្មរក្សាបាននូវបរិស្ថាន ពិសេសអនាម័យជុំវិញផ្ទះ សំរាម ព្រៃស្មៅ និងសំបកកំប៉ុងផ្សេងៗ។ល។ ដែលជាបច្ច័យអាក្រក់ផ្ដល់ជម្រកដល់សត្វមូស បណ្ដាលឱ្យបង្ករការរំខានដល់បងប្អូនប្រជាពលរដ្ឋពិសេសកុមារតូច៕
ដោយ បៃ ស៊ីថុន





