អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រាអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់លើបាតុភូតភ្លៀងផ្គរខ្យល់កន្ត្រាក់
AKP កំពង់ធំ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦-- លោក ប៉ុល សារ៉េន អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រា បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់លើបាតុភូតភ្លៀងផ្គរខ្យល់កន្ត្រាក់ក្នុងឱកាសដែលលោក និងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង ព្រមទាំងក្រុមការងារនិងសហការី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងឧបត្ថម្ភគ្រឿងឧបភោគបរិភោគនិងថវិកាដល់ប្រជាពលរដ្ឋចំនួន១៧គ្រួសារដែលរងគ្រោះដោយបាតុភូតខ្យល់កន្ត្រាក់នៅក្នុងភូមិទំពេច ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោក ប៉ុល សារ៉េន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង និងលោក ផាង វី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រា តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខសុខុមាលភាពជីវភាពរស់នៅប្រចាំថ្ងៃរបស់ពុកម៉ែបងប្អូនជាពិសេសការឧបត្ថម្ភគាំទ្រ និងចុះសួរសុខទុក្ខផ្ទាល់នៅក្នុងឱកាសនេះ។

លោក ប៉ុល សារ៉េន បានបញ្ជាក់ថា ក្នុងនាមក្រុមការងារចុះមូលដ្ឋានគឺនៅរួមរស់រួមសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលាដូចជាការចុះសួរសុខទុក្ខ និងចែកអំណោយឧបត្ថម្ភនៅក្នុងឱកាសនេះគ្រាដែលពុកម៉ែបងប្អូនបានរងគ្រោះដោយសារខ្យល់កន្ត្រាក់ធ្វើឱ្យមានការខូចខាតរលំ និងរបើកផ្ទះសម្បែង។
ទន្ទឹមនឹងនេះ លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវត្រៀមលក្ខណៈ និងឯកសារអត្តសញ្ញាណពាក់ព័ន្ធក្នុងការទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលនឹងប្រព្រឹត្តទៅនៅខែមិថុនាឆ្នាំ២០២៧ខាងមុខនេះឱ្យបានគ្រប់គ្រាន់ ជាពិសេសបោះឆ្នោតជូនគណបក្សដែលតែងតែនៅរួមរស់រួមសុខទុក្ខ និងជួយប្រជាពលរដ្ឋគ្រប់គ្រា គ្រប់កាលៈទេសៈ។
ក្នុងឱកាសនោះ ក្រុមការងារបានឧបត្ថម្ភដល់ម្ចាស់ផ្ទះដែលរងគ្រោះទាំង១៧គ្រួសារ ក្នុង១គ្រួសារៗទទួលបាននូវអង្គរ០១បេ ថវិកា៥ម៉ឺនរៀល ដោយឡែកម្ចាស់ផ្ទះដែលដួលរលំផ្ទះទាំងស្រុងទទួលបាននូវថវិកា៤០ម៉ឺនរៀល និងបងស្រីដែលមានជីវភាពលំបាកខ្លាំងទទួលបានថវិកា១០ម៉ឺនរៀលផងដែរ៕
ដោយ ស៊ុម វណ្ណា





