ពិធីបើកវគ្គបំពាក់បំប៉នបច្ចេកទេសស្តីពីការងារសម្របសម្រួលព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គមនៅស្រុកកំពង់ស្វាយ
AKP កំពង់ធំ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦-- នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់ស្វាយ កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ បានប្រារព្ធពិធីបើកវគ្គបំពាក់បំប៉នបច្ចេកទេសស្តីពី “ការងារសម្របសម្រួលព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម” ក្រោមអធិបតីភាពឯកឧត្តម ងួន រាសី ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ១២៤នាក់ (ស្រី៣៦នាក់)។

ឯកឧត្តម ងួន រាសី បានមានប្រសាសន៍ថា វគ្គបំពាក់បំប៉ននេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងចំណេះដឹងជូនដល់សិក្ខាកាមពាក់ព័ន្ធនឹងការងារសម្របសម្រួលព័ត៌មានការផ្សព្វផ្សាយព័ត៌មានឱ្យមានប្រសិទ្ធភាពព្រមទាំងការប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គមឱ្យបានត្រឹមត្រូវសមស្រប និងទាន់សភាពការណ៍នាពេលបច្ចុប្បន្នដើម្បីឱ្យយុវជនយល់កាន់តែច្បាស់ពីគោលនយោបាយគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តមបានជំរុញឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់សិក្សារៀនសូត្រដើម្បីយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះទៅអនុវត្តជាក់ស្តែងក្នុងការងាររបស់ខ្លួនឱ្យកាន់តែល្អប្រសើរ។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរំពឹងថានឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពការងារសម្របសម្រួលព័ត៌មាននិងការផ្សព្វផ្សាយតាមបណ្តាញសង្គមឱ្យកាន់តែមានប្រសិទ្ធភាពនិងទូលំទូលាយបន្ថែមទៀត៕

ដោយ ស៊ុម វណ្ណា




