ឯកឧត្តម សុខ លូ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង
AKP ភ្នំពេញ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦--ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ច ប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ដែលកិច្ចប្រជុំនេះធ្វើ ឡើងនៅសាលប្រជុំសាលាខេត្តបាត់ ដំបង នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានណែនាំដល់អាជ្ញាធរ និងកងកម្លាំងត្រូវពង្រឹងការបង្រ្កាបគ្រឿងញៀន ក្មេងទំនើង ពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ និងរបៀបរៀប រយនៅតាមមូលដ្ឋាន។

អាជ្ញាធរ ក្រុង ស្រុកត្រូវបង្កើនការយកចិត្តទុកដាក់អន្តរាគមន៍ជួយប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិឱ្យបានទាន់ពេលវេលា ខណៈរដូវវស្សាជិតចូលមកដល់ភ្លៀងលាយឡំខ្យល់កន្រ្តាក់កើតឡើងជាបន្តបន្ទាប់។
ឯកឧត្តម បានកោតសរសើរ និងថ្លែងអំណរគុណដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ដែលបានខិតខំការពារសន្តិសុខសណ្ដាប់ធ្នាប់ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកកម្សាន្តនៅក្នុងខេត្ត បាត់ដំបងក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ និងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងបានយ៉ាងល្អប្រសើរ។

ឯកឧត្តម ក្រើនរំលឹកដល់អាជ្ញាធរ និងកងកម្លាំងត្រូវបន្តតាមដានឱ្យបានដិតដល់កុំឱ្យមានករណីស្គែមអនឡាញកើតឡើងនៅតាមមូលដ្ឋានរបស់ខ្លួន។ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សហការជាមួយនគរបាលចរាចរណ៍គិតគូរសិក្សាដាក់ផ្លាកសញ្ញា កែសម្រួលសញ្ញាចរាចរណ៍ និងគូសគំនូសតាមដងផ្លូវដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ លើកកម្ពស់សុវត្ថិភាពតាមដងផ្លូវ ព្រមទាំងបង្រ្កាបរថយន្តកែច្នៃតទ្រុងខុសបច្ចេកទេសដឹកសំពីងសំពោងបង្កភាពអនាធិបតេយ្យតាមដងផ្លូវ។
ឯកឧត្តម លើកទឹកចិត្តដល់មន្រ្តីរាជការ និងកងកម្លាំងចូលរួមក្នុងកម្មវិធីរត់ដើម្បីសប្បុរសធម៌ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ខាងមុខនេះ នៅបរិវេណវិមានឯករាជ្យ ក្រុងបាត់ដំបង ដើម្បីកៀរគរធនធានជួយឧបត្ថម្ភគាំទ្រដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែ បន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តខេត្តបាត់ ដំបង ។

បើតាមរបាយការណ៍គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បញ្ជាក់ឱ្យដឹងថា សភាពការណ៍ជារួមទាំងនៅក្នុងខេត្ត និងតំបន់ព្រំដែនមានភាពស្ងប់ស្ងាត់ ពុំមានសកម្មភាពអ្វីគួរឱ្យកត់សម្គាល់ ដោយរក្សាបាននូវបរិយាកាសសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយល្អ។ បទល្មើសគ្រប់ប្រភេទត្រូវបានបង្ការទប់ស្កាត់ និងបង្ក្រាបឃាត់ខ្លួនជនសង្ស័ យកសាងសំណុំរឿងបញ្ជូនទៅអនុវត្តតាមច្បាប់។ យុទ្ធនាការប្រយុទ្ធ ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាonline scams ត្រូវបានប្រតិបត្តិការបង្ក្រាបទប់ស្កាត់យ៉ាងមានប្រសិទ្ធភាព៕
ដោយ ៖ណយ នឿន ,ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង





