ស្នងការនគរបាលខេត្តកំពង់ធំជំរុញដល់ផែនការងារជំនាញនិងអធិការដ្ឋានទាំង៩ក្រុង-ស្រុកត្រូវបង្កើនប្រសិទ្ធភាពការងាររដ្ឋបាលជូនប្រជាពលរដ្ឋឱ្យទទួលបានប្រសិទ្ធភាពខ្ពស់
AKPកំពង់ធំ២១ខែ មេសា ឆ្នាំ២០២៦--លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំបានជំរុញដល់ផែនការងារជំនាញអធិការដ្ឋានទាំង៩ក្រុង-ស្រុកត្រូវបង្កើនប្រសិទ្ធភាពការងាររដ្ឋបាលជូនប្រជាពលរដ្ឋឱ្យទទួលបានប្រសិទ្ធភាពខ្ពស់។
លោកឧត្តមសេនីយ៍ទោស្នងការបានជំរុញដូចនេះក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបសភាពការណ៍និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែ មេសា និងលើកទិសដៅការងារបន្ត ខែ ឧសភា ឆ្នាំ២០២៦ ដោយមានការចូលរួមពីមន្ត្រីនគរបាល ប្រមាណ ២៦០ នាក់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ធំនាព្រឹកថ្ងៃទី២១ខែមេសាឆ្នាំ២០២៦។

ថ្លែងបើកកិច្ចប្រជុំលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានពាំនាំនូវប្រសាសន៍ ផ្ដាំផ្ញើសាកសួរសុខទុក្ខនិងថ្លែងអំណរគុណ ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំដល់បងប្អូនកងកម្លាំងនគរបាល ក្នុងកិច្ចប្រតិបត្តិការការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសប្រទេសជាតិ ប្រារព្ធបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងព្រឹត្តិការណ៍ សង្ក្រាន្តកំពង់ធំ កន្លងទៅថ្មីៗនេះ ធានាបានសុខសុវត្ថិភាពល្អប្រសើរ គួរជាទីមោទនៈជូនសង្គមជាតិ និងប្រជាពលរដ្ឋ គឺពុំមានហេតុការណ៍ អ្វីមួយ កើតឡើងគួរឱ្យកត់សម្គាល់ឡើយ ។
ដើម្បីថែរក្សាបានលទ្ធផលការងារ ដ៏ត្រចះត្រចង់ ខាងលើនេះនិងលើកទិសដៅការងារសម្រាប់អនុវត្តបន្តលោកឧត្តមសេនីយ៍ទោ ហេង សុផល មានប្រសាសន៍ផ្ដាំផ្ញើ ដល់កងកម្លាំង៖

១.សូមបន្តថែរក្សាវប្បធម៌ សាមគ្គីភាព ដើម្បីចូលរួមចំណែកកសាងនូវសមិទ្ធផលថ្មីៗបន្ថែមទៀតជូនរាជរដ្ឋាភិបា
ល .ក្រសួងមហាផ្ទៃ .អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។
២.បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងវិន័យ និងការគោរពក្រមសីលធម៌ វិជ្ជាជីវៈ កងកម្លាំងនគរបាលជាតិឱ្យកាន់តែល្អប្រសើរថែមទៀត។
៣.បន្តពង្រឹងរបៀបការងារជំនាញនិងការគ្រប់គ្រងកម្លាំងឱ្យបានហ្មត់ចត់ តាមផែនការងារជំនាញនីមួយៗ និងអធិការដ្ឋាននគរបាលក្រុង-ស្រុក។៤.បើកវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី បំប៉នជំនាញ ដល់កងកម្លាំង ដើម្បីឆ្លើយតបនឹងកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសការងារប្រឆាំងគ្រឿងញៀន។
៥.ការងារព្រហ្មទណ្ឌ ទោះបីជាសភាពការណ៍ បទល្មើសកើនឡើង ចំនួន ០១ លើក តែបងប្អូនកងកម្លាំងយើងបង្ក្រាបបានទាន់ពេលវេលា ដើម្បីផ្ដន្ទាទោសតាមនីតិវិធីច្បាប់។

៦.ការងារសណ្តាប់ធ្នាប់សាធារណៈបញ្ហាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បង្កើនការផ្សព្វផ្សាយអប់រំ គ្រប់ទំរង់រូបភាព ដល់មហាជនគ្រប់ស្រទាប់វណ្ណៈ តាមគ្រឹះស្ថានសាលារៀន មជ្ឈមណ្ឌល រោងចក្រសហគ្រាស ដើម្បីលើកកម្ពស់ ការយល់ដឹង និងចូលរួមអនុវត្ត ឱ្យទទួលបានលទ្ធផលល្អប្រសើរដោយឡែកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សព្វផ្សាយ គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព តាមរយៈវេទិកាសាធារណៈ។៧.ការងារអត្តសញ្ញាណកម្មបន្តការងារផ្ដល់សេវារដ្ឋបាល ដូចភ្លៀងរលឹម លើការផ្ដល់ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជាដើម។

៨.ផែនការងារ ភស្តុភារ និងហិរញ្ញវត្ថុ គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ (ចលនទ្រព្យ និងអចលនទ្រព្យ) និងបើកគោលរបបរបស់មន្ត្រីនគរបាលជាតិ កម្ពុជានិង៩.ការងារសេនាធិការ មន្ត្រីជំនាញ អនុវត្តបានល្អប្រសើរ នាពេលកន្លងមក សូមបន្តខិតខំបន្ថែមទៀត។ចងក្រង របាយការណ៍ រូបភាព លម្អិត ដើម្បីរំលេចអំពីស្នាដៃ គុណបំណាច់ របស់កងកម្លាំងតាមបណ្ដាផែនការងារជំនាញនីមួយៗ៕
ដោយ៖ ស៊ុម វណ្ណា





