ឯកឧត្តម ងី ច័ន្ទ្រផល លើកឡើងនូវទស្សនវិស័យស៊ីជម្រៅមួយ ដែលបន្ស៊ីការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ជាមួយនឹងការការពារសេចក្តីថ្លៃថ្នូររបស់មនុស្សយ៉ាងខ្ជាប់ខ្ជួននៅមហាសន្និបាតអន្តរសភា (IPU)
AKP ភ្នំពេញ ថ្អៃទី២០ ខែមេសា ឆ្នាំ២០២៦--ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេត នៃព្រឹទ្ធសភាកម្ពុជា បានលើកឡើងនូវទស្សនវិស័យស៊ីជម្រៅមួយ ដែលបន្ស៊ីការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ជាមួយនឹងការការពារសេចក្តីថ្លៃថ្នូររបស់មនុស្សយ៉ាងខ្ជាប់ខ្ជួន ក្នុងសិក្ខាសាលាស្តីពី «អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត៖ ទស្សនសភាលើការផ្តល់សច្ចាប័ន និងការអនុវត្ត» នៅមហាសន្និបាតអន្តរសភា (IPU) លើកទី១៥២ នាទីក្រុងអ៊ីស្តង់ប៊ុល សាធារណរដ្ឋតួគីយេ។

ឯកឧត្តម ងី ច័ន្ទ្រផល បានបង្ហាញទស្សនដ៏រឹងមាំអំពីបរិយាកាសសន្តិសុខឌីជីថលដែលកំពុងវិវត្ត។ ជាវាគ្មិនក្នុងសិក្ខាសាលាស្តីពី “អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត៖ ទស្សនសភាលើការផ្តល់សច្ចាប័ន និងការអនុវត្ត» ឯកឧត្តម ងី ច័ន្ទ្រផល បានលើកឡើងនូវទស្សនវិស័យស៊ីជម្រៅមួយដែលបន្ស៊ីការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ជាមួយនិងការការពារសេចក្តីថ្លៃថ្នូររបស់មនុស្ស យ៉ាងខ្ជាប់ខ្ជួន។ បទអន្តរាគមន៍របស់ឯកឧត្តមបានគូសបញ្ជាក់ពីជំហរបុរេសកម្មរបស់កម្ពុជាក្នុងការ ឆ្លើយតបនឹងភាពស្មុគស្មាញនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបញ្ហារចនាសម្ព័ន្ធដែលបង្កឡើង ដោយបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន។

ឯកឧត្តម ងី ច័ន្ទផល បានចែករំលែកអំពីបទពិសោធន៍ជាតិរបស់កម្ពុជា ក្នុងនាមជាប្រទេសរងគ្រោះពីបណ្តាញឧក្រិដ្ឋកម្មបរទេសដ៏ស្មុគស្មាញ ដែលឆ្លៀតឱកាសពីសេដ្ឋកិច្ចបើកចំហ និងការរីកចម្រើនឌីជីថលយ៉ាងឆាប់រហ័ស។ ឯកឧត្តមបានលើកឡើងលម្អិតពីរចនាសម្ព័ន្ធឧក្រិដ្ឋកម្មដែលមានឬសគល់ពីបរទេសទាំងនេះបានដាក់សម្ពាធយ៉ាងខ្លាំងលើប្រព័ន្ធជាតិ ប៉ុន្តែបានសង្កត់ធ្ងន់ថា កម្ពុជាបានឆ្លើយតប ចំពោះបញ្ហាទាំងនេះដោយភាពច្បាស់លាស់ និងទំនួលខុសត្រូវ។ ចំណុចស្នូលនៃប្រសាសន៍ថ្លែងរបស់ ឯកឧត្តម គឺការទទួលស្គាល់ថា មនុស្សជាច្រើនដែលជាប់ពាក់ព័ន្ធនៅក្នុងប្រតិបត្តិការឧក្រិដ្ឋកម្មទាំងនេះ ក៏ជាជនរងគ្រោះនៃការជួញដូរ និងការបង្ខិតបង្ខំផងដែរ។ អាស្រ័យហេតុនេះយុទ្ធសាស្ត្ររបស់កម្ពុជា បានបញ្ចូលការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ គួបផ្សំជាមួយប្រតិបត្តិការសង្គ្រោះ និងការធ្វើមាតុភូមិនិវត្តន៍ ប្រកបដោយមនុស្សធម៌ ដោយធានាថា ការការពារជនរងគ្រោះ នៅតែជាត្រីវិស័យសីលធម៌នៃវិធានការរដ្ឋ។
ចំណុចសំខាន់នៃការធ្វើបទបង្ហាញរបស់ឯកឧត្តម គឺតួនាទីមិនអាចខ្វះបានរបស់សភា ក្នុងការដើរឱ្យទាន់ការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល។ ឯកឧត្តម ងី ច័ន្ទផល បានលើកឡើងអំពីសកម្មភាពនីតិប្បញ្ញត្តិ និងភាពម៉ឺងម៉ាត់នាពេលថ្មីៗរបស់សភាកម្ពុជា ជាពិសេសការអនុម័តច្បាប់ស្តីពីការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខែមេសា ឆ្នាំ២០២៦។ ច្បាប់ដ៏សំខាន់នេះពង្រីកអំណាចស៊ើបអង្កេត និងអយ្យការបន្ថែមទៀត ព្រមទាំងពង្រឹងយន្តការបង្ការ និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលចាំបាច់ក្នុងការកាត់ផ្តាច់លំហូរហិរញ្ញវត្ថុខុសច្បាប់។ តាមរយៈការធ្វើឱ្យច្បាប់ក្នុងស្រុកស្របតាមស្តង់ដារសកល ព្រឹទ្ធសភាកម្ពុជាបានធានាថា ប្រព័ន្ធច្បាប់មានភាពរស់រវើកក្នុងការឆ្លើយតប និងត្រៀមខ្លួនរួចជាស្រេចសម្រាប់អនាគត។
ឯកឧត្តម ងី ច័ន្ទ្រផល បានបញ្ជាក់ពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការចែករំលែកបទពិសោធន៍ប្រតិបត្តិការ និងជំនាញនីតិប្បញ្ញត្តិជាមួយពិភពលោក និងបានរំលឹកដល់បណ្តាអ្នកចូលរួមថា ជោគជ័យរបស់សហគមន៍សកលនឹងមិនត្រូវបានវាស់វែងដោយសកម្មភាពរបស់ប្រទេសមួយៗឡើយ ប៉ុន្តែត្រូវវាស់តាមសមត្ថភាពជារួមក្នុងការធ្វើការជាមួយគ្នា ដោយស្មារតីគោរពគ្នាទៅវិញទៅមក និងទំនួលខុសត្រូវរួម។ កម្ពុជាបន្តបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងនីតិរដ្ឋ និងកសាងអនាគតឌីជីថល ដែលមានសុវត្ថិភាព សន្តិសុខ និងបរិយាបន្នជាងមុនសម្រាប់មនុស្សទាំងអស់គ្នា៕
ដោយ ចាន់ សុភឿន (ប្រភព៖ ព្រឹទ្ធសភា)





