ខេត្តបាត់ដំបងត្រៀមរៀបចំកម្មវិធីរត់ដើម្បីក្ដីស្រឡាញ់ ក្នុងគោលបំណងកៀរគរធនធានឧបត្ថម្ភដល់កងកម្លាំងជួរមុខ
AKP ភ្នំពេញ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦--ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានទទួលជួបជាមួយសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តដើម្បីពិភាក្សាពីការត្រៀមរៀបចំកម្មវិធីរត់ដើម្បីក្ដីស្រឡាញ់ក្នុងគោលបំណងកៀរគរធនធានឧបត្ថម្ភដល់កងកម្លាំងជួរមុខក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះ។

លោក បូរ ពុធរាត្រី អគ្គលេខាធិការសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានឱ្យដឹងថា ការរៀបចំកម្មវិធីរត់ដើម្បីក្ដីស្រឡាញ់ធ្វើឡើងដើម្បីបង្កើននូវស្មារតីសាមគ្គីជាតិចូលរួមគាំទ្រដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល និងគាំទ្រដល់វីរកងទ័ពការពារទឹកដី។កម្មវិធីនេះក៏ជាព្រឹត្តិការណ៍មួយជួយទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្សាន្តនៅខេត្តបាត់ដំបងកាន់តែច្រើនឡើង ព្រមទាំងជួយផ្សព្វផ្សាយ គាំទ្រដល់ផលិតផលខ្មែរ និងតម្លៃវប្បធម៌ជាតិ ព្រមទាំងលើកកម្ពស់សកម្មភាពកីឡាចូលរួមរត់កម្សាន្តសប្បាយ។កម្មវិធីរត់ដើម្បីក្ដីស្រឡាញ់នេះគឺរត់ដើម្បីទេសចរណ៍ រត់ដើម្បីសប្បុរសធម៌ ធ្វើឡើងដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចសង្គម លើកកម្ពស់ជីវភាព និងប្រាក់ចំណូលប្រជាពលរដ្ឋនៅមូលដ្ឋាន។

ឯកឧត្តម សុខ លូ បានបង្ហាញការគាំទ្រយ៉ាងពេញលេញក្នុងការរៀបចំឱ្យមានកម្មវិធីរត់ដើម្បីក្ដីស្រឡាញ់ដើម្បីកៀរគរថវិកា និងសម្ភារជួយឧបត្ថម្ភដល់កងកម្លាំងជួរមុខ។
ឯកឧត្តម បានបង្ហាញការរំពឹងថា កម្មវិធីនេះនឹងមានអ្នកចូលរួមយ៉ាងច្រើនកុះករ និងប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងភាពសប្បាយរីករាយផ្សារភ្ជាប់ជាមួយសកម្មភាពមនុស្សធម៌។

សូមបញ្ជាក់ផងដែរថា កម្មវិធីរត់ដើម្បីសប្បុរសធម៌នេះ គ្រោងធ្វើឡើងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ នៅក្នុងក្រុងបាត់ដំបង ហើយការចុះឈ្មោះចូលរួម អាចធ្វើការចុះឈ្មោះដោយផ្ទាល់ ឬតាមរយៈតំណភ្ជាប់បរិច្ចាគដោយសប្បុរសធម៌ ខណៈអ្នកចូលរួមទទួលបានអាវយឺត លេខសម្គាល់ និងការទទួលទានទឹកសុទ្ធ ឬទឹកផ្លែឈើដោយឥតគិតថ្លៃ។ថវិកា និងសម្ភារដែលទទួលបានពីការបរិច្ចាគនឹងត្រូវយកទៅជួយឧបត្ថម្ភគាំទ្រដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ៕
ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង)





