ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកម្លាំងចុះត្រួតពិនិត្យ និងពង្រឹងវិធានការការពារដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្ត្រស្រុកសណ្ដាន់
AKP កំពង់ធំ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦--ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំកាលពីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦បានដឹកនាំសហការី រួមជាមួយកងកម្លាំងទីបញ្ជាការស្រាលប្រចាំការនៅតំបន់អូរសោមបានចុះត្រួតពិនិត្យស្ថានភាពជាក់ស្ដែង នៅក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃ ព្រៃឡង់ ស្ថិតនៅក្នុងឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណដល់កងកម្លាំងចម្រុះទាំងអស់ ដែលមានកងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរដែនដី និងមន្ត្រីឧទ្យានុរៈបរិស្ថានខេត្តកំពង់ធំ ដែលកន្លងមកបានរួមសហការគ្នាយ៉ាងល្អប្រសើរ ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ពិសេសបទល្មើសកាប់ទន្ទ្រានព្រៃឈើ យកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ បានយ៉ាងល្អប្រសើរ ដោយគ្មានការកាប់ទន្ទ្រានជាថ្មីទៀតឡើយ ហើយផ្ទៃដីព្រៃឈើ ដែលជនល្មើសបានលួចកាប់ទន្ទ្រាននាបណ្ដាឆ្នាំកន្លងទៅ ត្រូវបានរឹបអូសនិងដកហូតមកធ្វើជាសម្បត្តិរដ្ឋឡើងវិញ ដែលបច្ចុប្បន្ននេះ ដីទាំងនោះបានដុះលូតលាស់ព្រៃឈើធម្មជាតិឡើងវិញ បានយ៉ាងឆាប់រហ័ស ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងក្នុងនាមជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានណែនាំដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង និងកងកម្លាំងចម្រុះទាំងអស់ ដែលមានភារកិច្ចការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃ ព្រៃឡង់ ត្រូវអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបទបញ្ជានានារបស់ថ្នាក់ដឹកនាំគ្របលំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងការណែនាំដឹកនាំដោយផ្ទាល់ ពីឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ដោយត្រូវយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារធនធានធម្មជាតិរបស់យើង ឱ្យនៅគង់វង់ជារៀងរហូតសម្រាប់ជាកេរដំណែលដល់កូនចៅយើងនៅជំនាន់ក្រោយៗទៀត។ត្រូវសហការជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការចាប់ឃាត់ខ្លួនជនប្រព្រឹត្តបទល្មើសជាក់ស្ដែង ក្នុងការកាប់បំផ្លាញព្រៃឡង់ ដែលជាដែនជម្រកសត្វព្រៃ និងជាតំបន់ដែលត្រូវអភិរក្សឱ្យបានជាដាច់ខាត ដើម្បីយកទៅផ្ដន្ទាទោសតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ។

នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសសឹករងអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធធម្មជាតិខេត្តកំពង់ធំបានជួបសំណេះសំណាលសាកសួរសុខទុក្ខ បងប្អូនយោធិននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងបំពេញភារកិច្ចការពារតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកសណ្តាន់ និងបាននាំយកប្រេងឥន្ធនៈ ស្បៀងអាហារ ដែលជាអំណោយរបស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ខមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររបស់រដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំបានឧបត្ថម្ភជូនកងកម្លាំងដែលកំពុងបំពេញភារកិច្ចនៅទីបញ្ជាការស្រាលនៅតំបន់អូរសោម ឃុំដងកាំបិត និងតំបន់អូរឃ្មង ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដើម្បីបន្តសកម្មភាពការពារតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡងឡង់ឱ្យទទួលបានជោគជ័យ៕

ដោយ ស៊ុម វណ្ណា





