ព្រះសង្ឃនៅខេត្តកំពង់ឆ្នាំងប្រារព្ធពិធីបង្សុកូលឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធវីរ:កងទ័ព ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពដឹកដី
AKP កំពង់ឆ្នាំង ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦-- ព្រះមង្គលានុរ័ក្ខ អំ សៃ ព្រះរាជាគណ:ថ្នាក់កិត្តិយស និងជាព្រះចៅអធិការវត្តកាសេមរតនារាម ហៅវត្តធម្មយុត្តិ ខេត្តកំពង់ឆ្នាំង ក្នុងឱកាសបុណ្យចូលឆ្នាំបានដឹកនាំប្រជាពលរដ្ឋ និងព្រះសង្ឃតាមវត្តនានាក្នុងខេត្ត ចំនួន៧០អង្គ រៀបចំពិធីបង្សុកូល រាប់បាត ដើម្បីឧទ្ទិសកុសលដល់បុព្វការីជន និងដួងវិញ្ញាណក្ខន្ធវីរ:កងទ័ព ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពដឹកដី ពីការឈ្លានពានពីប្រទេសសៀម ពិធីនេះប្រារពធ្វើនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ។

មានសង្ឃដីកាក្នុងឱកាសនោះ ព្រះមង្គលានុរ័ក្ខ អំ សៃ បាននាំយកសាររំលែកទុក្ខដ៏ក្រៀមក្រំបំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវ ជាមួយក្រុមគ្រួសារសពវីរកងទ័ពក្នុងកំឡុងពេលប៉ះទង្គិចក្នុងសមរភូមិពីការឈ្លានពានរបស់ថៃ នៅតាមបណ្តោយព្រំដែនការពារបូរណភាពទឹកដីកម្ពុជា។ យើងទាំងអស់គ្នាសច្ចាគោរពក្នុងចិត្តថា គឺជាវីរៈជនស្នេហាជាតិដ៏អង់អាចក្លាហានរបស់កម្ពុជាជារៀងរហូតតទៅ។

ទន្ទឹមនឹងនេះព្រះអង្គបានបន្តទៀតថា ទោះនៅក្នុងកាលៈទេសៈណា គ្រប់ពេលវេលា គ្រប់ទីកន្លែង រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី តែងតែបារម្ភ គិតគូរ និងយកចិត្តទុកដាក់បំផុតចំពោះសុខទុក្ខរបស់យោធិន រួមទាំងក្រុមគ្រួសារយោធិនគ្រប់ៗរូប។ ជាការសោកស្តាយបំផុតមួយសម្រាប់ប្រទេសជាតិ និងក្រុមគ្រួសារចំពោះការបាត់បង់ដ៏ធំធេងនូវវីរៈកងទ័ព ធនធានមនុស្ស ស្វាមី ឪពុក និងជាបង ជាប្អូន ដែលបានពលីជីវិតក្នុងពេលប្រយុទ្ធជាមួយសត្រូវសៀមឈ្លានពាន។

ផ្អែកលើបរិបទនេះ ព្រះមង្គលានុរ័ក្ខ អំ សៃ ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រះសង្ឃ និងប្រជាពលរដ្ឋ ចូលរួមពិធីបង្សុកូលរួម រាប់បាតឧទ្ទិសកុសលដល់បុព្វការីជន និងដួងវិញ្ញាណក្ខន្ធវីរ:កងទ័ពដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពដឹកដីដោយការឈ្លានពានពីប្រទេសសៀម៕

ដោយ បៃ ស៊ីថុន





