អ្នកនាំពាក្យរាជរដ្ឋាភិបាល៖សមរភូមិក្រោយនិងសមរភូមិមុខត្រូវបានផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ ស្អិតរមួត
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២៦---
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថាសមរភូមិក្រោយនិងសមរភូមិមុខត្រូវបានផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ ស្អិតរមួត តាមរយៈការចែករំលែកការភាពសប្បាយរីករាយ ការលំបាក។
ថ្លែងក្នុងសន្នីសីទសារព័ត៌មាននាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថាពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ បានប្រព្រឹត្តទៅយ៉ាងអធិកអធមក្រៃលែង ក្នុងក្របខណ្ឌទូទាំងប្រទេសរយៈ ពេល៣ថ្ងៃតាមទំនៀមទម្លាប់ពីបុរាណ។
ដោយឡែក កម្មវិធីនគរសង្ក្រាន្តក្នុងរាជធានីភ្នំពេញ បានបន្តធ្វើរហូតដល់ថ្ងៃអាទិត្យ ទី១៩ ខែមេសានេះ។ គិតត្រឹមរយៈពេល៣ថ្ងៃ ពោលគឺពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០២៦ មានភ្ញៀវទេសចរក្នុងស្រុក និងបរទេសសរុបប្រមាណជាជាង ២១លាននាក់ឯណោះបានដើរលេងកម្សាន្តតាមបណ្តារាជធានីខេត្តទូទាំងប្រទេស។
អ្នកនាំពាក្យបានលើកឡើងថាទន្ទឹមនឹងក្តីសប្បាយរីករាយនេះ រាជរដ្ឋា ភិបាល និងប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសមិនបានភ្លេចឡើយកាតព្វ កិច្ចការពារបូរណភាពទឹកដី និងប្រជាជនដែលត្រូវបានចាត់ទុកជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។
ឯកឧត្តមបានបញ្ជាក់ថា៖"សមរភូមិក្រោយនិងសមរភូមិមុខត្រូវបានផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ ស្អិតរមួត តាមរយៈការចែករំលែកការសប្បា យរីករាយ ការលំបាក និងការផ្ញើសារសួរសុខទុក្ខក៏ដូចជាការចែករំលែកអំណោយជាសម្ភារៈ ថវិកា និងមនោសញ្ចេតនានឹករលឹក ដល់វីរយុទ្ធជនជួរមុខ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋភៀសសឹក"។
អ្នកឯកឧត្តមក៏បានលើកឡើងថាដូចដែលសម្តេចតេជោ ប្រមុខរដ្ឋស្តីទី និងសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី តែងតែបញ្ជាក់ម្តងហើយម្តងទៀតថា ថ្វីត្បិតតែយើងមានបញ្ហាព្រំដែន ប៉ុន្តែ យើងមិនត្រូវបណ្តោយឱ្យវិស័យផ្សេងទៀតជាប់គាំងលែងដំណើរការនោះឡើយ។ ផ្ទុយទៅវិញ កាន់តែឈឺ យើងកាន់តែខិតខំ និងប្រឹងប្រែងក្រោក
ឈរឡើងដើម្បីពង្រឹងខ្លួន រួមសាមគ្គីជាធ្លុងមួយនៃមហាគ្រួសារខ្មែរ ដើម្បីជាតិខ្មែរខ្លាំងក្នុងការការពារបូរណ
ភាពទឹកដី និងរួមគ្នាជ្រោងទង់មោទនភាពជាតិនៅលើឆាកអន្តរជាតិ។
ឯកឧត្តមបានលើកឡើងថាក្នុងអំឡុង ពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះដែរ រាជរដ្ឋាភិបាល តាមរយៈសាលារាជធានីភ្នំពេញ បានបញ្ចេញរថយ ន្តក្រុងសាធារណៈរហូតដល់ជាង ៩០០គ្រឿង លើផែនការរំពឹងទុកត្រឹមតែ ៦០០គ្រឿងប៉ុណ្ណោះ។
ជាមួយគ្នានោះដែរក្នុងរយៈពេល៦ថ្ងៃ គិតចាប់ពីថ្ងៃទី១២ ដល់១៧ ខែមេសា មានពលរដ្ឋ កម្មករ កម្មការិនី ប្រមាណជាជិត១២ ម៉ឺននាក់បានប្រើប្រាស់សេវារថយន្តក្រុងដោយឥតគិតថ្លៃក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ទាំងទៅទាំងមក ពីរាជធានីភ្នំពេញទៅកាន់បណ្តាខេត្តទូទាំងប្រទេស និងក្នុងរាជធានីភ្នំពេញ។ អាចនិយាយបានថា រាជរដ្ឋាភិបាលជាអ្នកចេញសោហ៊ុយធ្វើដំណើរជូនប្រជាពលរដ្ឋទាំងជិត ១២ម៉ឺននាក់នោះដើម្បីសម្រួលបន្ទុកចំណាយរបស់ពួកគេ។
ចំណែកពលរដ្ឋផ្សេងទៀត ដែលមិនប្រើប្រាស់សេវារថយន្តក្រុងសាធារណៈ ក៏ទទួលបានផលប្រយោជន៍ពីវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាលដែរ តាមរយៈការជួយចេញខាតលើតម្លៃប្រេងសាំងនិងម៉ាស៊ូត និងបញ្ចុះពន្ធអាករនាំចូលផ្សេងៗលើប្រេងឥន្ធនៈនិងរថយន្តអគ្គិសនី ដោយរដ្ឋជាអ្នកចេញខាតរាប់សិបលានដុល្លារក្នុងមួយខែៗ។ វិធានការអន្តរាគមន៍នេះ មិនត្រឹមតែអាចទប់កុំឱ្យតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់បន្ថែមទៀតប៉ុណ្ណោះទេ ប៉ុន្តែ វាបានធ្លាក់ចុះវិញជាបន្តបន្ទាប់ក្នុងអំឡុងពេលចូលឆ្នាំថ្មីនេះ បើទោះបីជាទីផ្សារប្រេងអន្តរជាតិនៅតែជួបប្រទះនឹងភាពច្របូកច្របល់យ៉ាងណាក៏ដោយ៕

ដោយ៖ ប៊ុនរិទ្ធ





