ឯកឧត្តម សុខ លូ ជួបសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋវិលត្រឡប់ទៅរាជធានីភ្នំពេញ តាមរថយន្តក្រុង
AKP ភ្នំពេញថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២៦--ឯកឧត្តម សុខ លូ ជួបសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋវិលត្រឡប់ទៅរាជធានីភ្នំពេញ តាមរថយន្តក្រុង ដែលរាជរដ្ឋាភិបាលផ្ដល់ឱ្យជិះដោយមិនបង់ប្រាក់ ដើម្បីបន្តប្រកបរបរបន្ទាប់ពីធ្វើដំណើរមកស្រុកកំណើតក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងជូនដំណើរប្រជាពលរដ្ឋវិលត្រឡប់ទៅរាជធានីភ្នំពេញវិញរថយន្តក្រុង ដែលរាជរដ្ឋាភិបាលផ្ដល់ឱ្យជិះដោយមិនបង់ប្រាក់ ដើម្បីបន្តប្រកបរបរបន្ទាប់ពីធ្វើដំណើរមកស្រុកកំណើតក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ គ.ស២០២៦ ដែលទីតាំងចំណតនៅផ្សារទំនើប ភួ ពុយ ក្រុងបាត់ដំបង។

គួរបញ្ជាក់ផងដែរថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់រថយន្តក្រុងសម្រាប់ខេត្តបាត់ដំបងមានរថយន្តចំនួន ៧៥គ្រឿងសម្រាប់ដឹកជញ្ជូនបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋទៅមកភ្នំពេញ បាត់ដំបង និងពីបាត់ដំបង ភ្នំពេញដែលមានរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ខែមេសា ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ដោយធ្វើដំណើរដោយមិនបង់ប្រាក់ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនកម្មករ កម្មការិនី និយោជិត សិស្ស និស្សិត និងប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារ ។

ប្រជាពលរដ្ឋដែលបានធ្វើដំណើរទៅមកលើផ្លូវជាតិលេខ៥ពីភ្នំពេញ-បាត់ដំបង និងបាត់ដំបង-ភ្នំពេញបានបង្ហាញអារម្មណ៍សប្បាយរីករាយក្រៃលែង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់រថយន្តក្រុងឱ្យធ្វើដំណើរទៅមកដោយមិនបង់ប្រាក់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ៕
ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង)





