សភាពាណិជ្ជកម្មកម្ពុជា និងកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលីរួមគ្នាជំរុញការដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជនដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍នៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២៦--សភាពាណិជ្ជកម្មកម្ពុជា និងកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)បានសហការគ្នាជំរុញការដោះស្រាយបញ្ហាប្រឈម និងឱកាសអាជីវកម្មសំខាន់ៗ របស់វិស័យឯកជនដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍នៅកម្ពុជា។

កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) បានជួបពិភាក្សាការងារជាមួយនឹងកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ដែលដឹកនាំដោយឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា។
យោងតាមសភាពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថា ជំនួបនេះ មានគោលបំណងពិភាក្សាផ្តោតសំខាន់ទៅលើការពង្រឹងយន្តការសម្របសម្រួល ការពង្រឹងកិច្ចសន្ទនារវាងវិស័យរដ្ឋ និងឯកជន តាមរយៈយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) និងការពន្លឿនអាទិភាពកំណែទម្រង់ដែលគាំទ្រដល់ការអភិវឌ្ឍន៍វិស័យឯកជននៅកម្ពុជា។
ជាមួយគ្នានេះ ភាគីទាំងពីរបានធ្វើការគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពនៃការរួមបញ្ចូលយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) និងការចូលរួមយ៉ាងសកម្មរបស់ក្រុមការងារទាំងអស់ក្នុងការដោះស្រាយបញ្ហាប្រឈម និងឱកាសអាជីវកម្មសំខាន់ៗ។
គួរបញ្ជាក់ផងដែរថា ជំនួបនេះក៏មានការចូលរួមពីសំណាក់ក្រុមលេខាធិការដ្ឋាននៃក្រុមការងារផ្នែកឯកជនសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងក្រុមការងារនៃកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។
ដោយ ស្រីពេជ្រ





