ឯកឧត្ដម ម៉ាង ស៊ីណេត ដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារនៃអគ្គលេខាធិការដ្ឋាននៃ គ.ល.ក ពាក់ព័ន្ធនិងវិស័យល្បែងពាណិជ្ជកម្មកម្ពុជា
AKP ព្រះសីហនុ ថ្ងៃ០៧ ខែមេសា ឆ្នាំ២០២៦ -- ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២៦ នេះ បានទទួលជួបសម្តែងការគួសមជាមួយក្រុមការងារនៃអគ្គលេខាធិការដ្ឋាន នៃ គ.ល.ក ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងវិស័យល្បែងពាណិជ្ជកម្មកម្ពុជា។
ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ជាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានជម្រាបជូនថា ខេត្តព្រះសីហនុបានរៀបចំក្រុមការងារជាពីរក្រុមក្នុងការចុះពិនិត្យ និងបង្ក្រាបបទល្មើស និងការសម្អាតការបោកប្រាស់តាមប្រព័ន្ធអនឡាញ (Scams Online) ដោយក្រុមនិមួយៗដឹកនាំដោយលោកអភិបាលរងខេត្តម្នាក់ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារង និងកងកម្លាំងប្រដាប់អាវុធ។
បច្ចុប្បន្ន នៅក្នុងខេត្តព្រះសីហនុមានកាស៊ីណូដែលទទួលបានអាជ្ញាបណ្ណសិទ្ធិធ្វើអាជីវកម្មចំនួន៩៤ ដោយអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជាជំរុញឱ្យរាជធានី ខេត្ត បង្ក្រាបនិងសម្អាតបទល្មើស Scams Online ឱ្យអស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជានៅត្រឹមដំណាច់ខែមេសានេះ។


ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា បទល្មើសដែលកើតឡើងនៅក្នុងខេត្តព្រះសីហនុ គឺជារឿងធំ ហើយល្បីជាងបណ្តាខេត្តនានាដែលមានរឿងកើតឡើងដូចគ្នា ហើយប្រែជាមានការស្ងប់ស្ងាត់ទៅវិញ ព្រោះបទល្មើស Scams Online វាមិនបានជួយដល់សេដ្ឋកិច្ចជាតិរបស់យើងនោះទេ ដូច្នេះយើងត្រូវសម្អាតផ្ទះរបស់យើង ដើម្បីទទួលវិនិយោគទុនថ្មី បង្កើនសេដ្ឋកិច្ចរបស់យើង។


ឯកឧត្ដមបណ្ឌិត យ៉េត វីណែល អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា ក្រុមការងាររបស់លោកបានត្រៀមខ្លួនសហការ ២៤ម៉ោង ជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដោយក្នុងនោះដាក់ចេញនូវវិធានការមួយចំនួន ១.ការបង្កាបង្ក្រាប និងសម្អាតបទល្មើស Scams Online តាមការដាក់ចេញបទបញ្ជារបស់រាជរដ្ឋាភិបាល ជាពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ២.ពិនិត្យ និងការដកហូតអាជ្ញាបណ្ណការស៊ីណូដែលបង្កប់បទល្មើស Scams Online ៣.ការអនុវត្តច្បាប់ Scams Online ៤.រៀបចំផែនការជាក់លាក់ កំណត់ទីតាំងកាស៊ីណូ ត្រៀមកិច្ចសហការជាមួយគណៈបញ្ជាការឯកភាពខេត្តក្នុងការចូលរួមបង្ក្រាបល្បែងខុសច្បាប់ និងបទល្មើាស Scams Online នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាឱ្យអស់នៅក្នុងខែមេសា ឆ្នាំ២០២៦ ស្របតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា៕

ដោយ៖ ងូ សុមុនី





