ប្រមុខក្រសួងមហាផ្ទៃ៖ អាណាព្យាបាលត្រូវយកចិត្តទុកដាក់ជាអាទិភាពលើការអប់រំកូនចៅចាប់ពីថ្នាក់កុមារតូចទៅ
AKP ភ្នំពេញ ថ្ងៃ០៧ ខែមេសា ឆ្នាំ២០២៦ -- ប្រមុខក្រសួងមហាផ្ទៃ បានអំពាវនាវដល់អាណាព្យាបាលគ្រប់រូប ដែលមានកូនក្មួយគ្រប់អាយុចូលរៀន សូមនាំទៅចុះឈ្មោះចូលរៀនកុំបីខាន ដើម្បីកសាងមូលដ្ឋានគ្រឹះចំណេះដឹង និងអនាគតដ៏ភ្លឺស្វាងសម្រាប់កុមារគ្រប់រូប ជាពិសេសដើម្បីប្រែក្លាយពួកគេឱ្យទៅជាធនធានមនុស្សដ៏មានសក្ដានុពល ចូលរួមចំណែកអភិវឌ្ឍន៍សហគមន៍ ក៏ដូចជាសង្គមជាតិឱ្យកាន់តែរីកចម្រើនរុងរឿង និងប្រកបដោយសេចក្ដីថ្លៃថ្នូរ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមត្តេយ្យសិក្សា ១ខ្នងមាន ៤បន្ទប់ និងពិសាអាហារសាមគ្គីជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលសិស្សនៅសាលាមត្តេយ្យសិក្សាពោធិ៍អណ្តោត ស្ថិតក្នុងភូមិពោធិ៍អណ្តោត ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានព្រៃវែង បានគូសបញ្ជាក់ថា ការបញ្ជូនក្មេងដែលគ្រប់អាយុចូលរៀន គឺជាកាតព្វកិច្ចដ៏សំខាន់សម្រាប់អាណាព្យាបាលគ្រប់រូប ព្រោះកុមារប្រៀបដូចជាក្រដាសសមួយផ្ទាំង ដែលងាយនឹងទទួលយកនូវការអប់រំ និងការបណ្ដុះបណ្ដាល។ បើសិនជាយើងអាចផ្ដល់នូវចំណេះដឹង និងគុណធម៌ដល់ពួកគេបានទាន់ពេលវេលា នោះ ពួកគេនឹងក្លាយជាពលរដ្ឋល្អ ជាសសរទ្រូងដ៏រឹងមាំ ដែលមានទាំងសមត្ថភាព និងសីលធម៌ ដើម្បីបន្តវេនក្នុងការដឹកនាំ និងការពារមាតុភូមិទៅថ្ងៃអនាគត។


ឯកឧត្តមបានកត់សម្គាល់ថា កុមារដែលបានចូលរៀនចាប់ពីថ្នាក់មត្តេយ្យសិក្សាឡើងទៅ គឺភាគច្រើនបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ព្រោះដោយសារពួកគេមានមូលដ្ឋានគ្រឹះនៃការយល់ដឹងតាំងពីតូច ដែលធ្វើឱ្យការបន្តការសិក្សានៅថ្នាក់ខ្ពស់ៗមិនមានភាពរអាក់រអួល ហើយថែមទាំងជួយឱ្យកុមារមានភាពក្លាហាន និងមានវិន័យរឹងមាំក្នុងការសិក្សាជាងកុមារដែលមិនបានឆ្លងកាត់ថ្នាក់មត្តេយ្យសិក្សា។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ការសម្ពោធដាក់ឱ្យប្រើប្រាស់អគារមត្តេយ្យសិក្សានាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការចូលរួមចំណែកលើកកម្ពស់គុណភាពវិស័យអប់រំនៅមូលដ្ឋានឱ្យកាន់តែប្រសើរឡើង និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋក្នុងការបញ្ជូនបុត្រធីតាឱ្យមកទទួលយកការបណ្ដុះបណ្ដាលក្នុងបរិស្ថានសិក្សាដែលសមរម្យ មានសុវត្ថិភាព និងមានស្តង់ដារត្រឹមត្រូវ ហើយថា អគារសិក្សាថ្មីនេះមិនមែនត្រឹមតែជាសំណង់បេតុងប៉ុណ្ណោះទេ ប៉ុន្តែវា គឺជាថ្នាលបណ្ដុះពូជចំណេះដឹងយ៉ាងសំខាន់ ដែលនឹងជួយសម្រាលបន្ទុកអាណាព្យាបាល និងផ្ដល់ឱកាសស្មើៗគ្នាដល់កុមារក្នុងសហគមន៍ឱ្យមានលទ្ធភាពចូលរៀនបានទាន់ពេលវេលា ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលក្នុងការកសាងមូលធនមនុស្សតាំងពីកម្រិតដំបូងបង្អស់ផងដែរ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





