បើកកិច្ចប្រជុំពិនិត្យ វាយតម្លៃ និងជ្រើសរើស «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» សម្រាប់ឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦---
ឯកឧត្តម ហួត ស៊ីនាដ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការវាយតម្លៃ និងជ្រើសរើសសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ (គ.ស.ស.) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារ រៀបចំយន្តការវាយតម្លៃនិងជ្រើសរើសសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការវាយតម្លៃ និងជ្រើសរើសសហគ្រាសមួយជាសហគមន៍សុខសាន្តមួយសម្រាប់ឆ្នាំ២០២៦។


កិច្ចប្រជុំនៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នាទីស្តីការក្រសួង ជាមួយនឹងការវាយតម្លៃខ្ពស់ចំពោះការចូលរួមពីតំណាងយន្តការត្រីភាគី ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា កម្មវិធីនេះគឺជាអនុសាសន៍ មួយក្នុងចំណោមអនុសាសន៍ទាំង១០ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពេលជួបសំណេះសំណាលជាមួយបងប្អូនកម្មករនាពេលកន្លងមក។ ការដាក់ឱ្យដំណើរការចលនាប្រឡងប្រណាំង «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» សម្រាប់ឆ្នាំ២០២៦ នេះ មានគោលបំណងលើកកម្ពស់សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ សំដៅបង្កើតនូវវប្បធម៌អនុលោមភាពការងារ ព្រមទាំងពង្រឹងប្រសិទ្ធភាពនៃយន្តការដោះ ស្រាយវិវាទការងារនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ រួមទាំងការពង្រឹងការអនុវត្តរបបសន្តិសុខសង្គម និងបង្កើនផលិតភាពការងារឱ្យកាន់តែមានប្រសិទ្ធភាព។


សូមបញ្ជាក់ថា ក្នុងឆ្នាំទី២នេះ មានសហគ្រាស ក្រុមហ៊ុន រោងចក្រចំនួន៥៥ ដែលត្រូវបានវាយតម្លៃ និងជ្រើសរើសក្នុងចំណោមសហគ្រាស ក្រុមហ៊ុន រោងចក្រចំនួន ១៨២ ដែលបានដាក់ពាក្យប្រកួតប្រជែងសម្រាប់ឆ្នាំ២០២៦។ ចំនួននេះមានការកើនឡើងជាងឆ្នាំ២០២៥ ដែលមានសហគ្រាស ក្រុមហ៊ុន រោងចក្រចំនួន ៣៦ ដែលបានជ្រើសរើស។ ការវាយតម្លៃជ្រើសរើសជ័យលាភី សហគ្រាសជាសហគមន៍សុខសាន្ត គឺធ្វើឡើងតាមគោលការណ៍កំណត់ និងប្រកបដោយតម្លាភាពដោយផ្អែកលើលក្ខខណ្ឌអនុលោមភាពទាំង៨ រួមមានអនុលោមភាពនៃលក្ខខណ្ឌការងារ អនុលោមភាពនៃការប្រើប្រាស់កម្មករនិយោជិតវ័យក្មេង អនុលោមភាពនៃទំនាក់ទំនងវិជ្ជាជីវៈ អនុលោមភាពនៃលក្ខខណ្ឌស្តីពីសុវត្ថិភាពនិងសុខភាពការងារ អនុលោមភាពនៃរបបសន្តិសុខសង្គម អនុលោមភាពនៃការប្រើប្រាស់កម្មករនិយោជិតមានពិការភាព អនុលោមភាពនៃការអនុវត្តកម្មវិធីលើកកម្ពស់ផលិតភាពការងារ និងអនុលោមភាពនៃការអនុវត្តកម្មវិធីទទួលខុសត្រូវសង្គម។សហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលជាប់ការវាយតម្លៃ នឹងទទួលបានពានរង្វាន់មាស ឬពានរង្វាន់ប្រាក់ ឬពានរង្វាន់សំរឹទ្ធ និងការលើកលែងការចុះធ្វើអធិការកិច្ចការងារសាមញ្ញទៅតាមកម្រិតពានរង្វាន់។


ជាទីបញ្ចប់ ឯកឧត្តមប្រធានគណៈក ម្មការ បានអំពាវនាវដល់តំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងនិយោជកជួយផ្សព្វផ្សាយ និងជំរុញសហគ្រាស ក្រុមហ៊ុន រោងចក្រចូលរួមកម្មវិធីប្រឡងប្រណាំងឱ្យបានច្រើនថែមទៀតសម្រាប់ឆ្នាំបន្ទាប់ ដើម្បីចូលរួមទាំងអស់គ្នាលើកកម្ពស់វប្បធម៌អនុលោមភាពការងារ៕

ដោយ៖ ប៊ុនរិទ្ធ, ប្រភព៖ ក្រសួងការងារ





