ឯកឧត្ដមអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ អញ្ជើញសម្តែងការគួសម និងជូនពរថ្នាក់ដឹកនាំខេត្តព្រះសីហនុក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
AKP ព្រះសីហនុ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦-- ឯកឧត្តម Lai Xuan Chlen អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ បានអញ្ជើញជូនពរឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនៅសាលប្រជុំសាលាខេត្តព្រះសីហនុ នារសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦។
ឯកឧត្តម Lai Xuan Chlen អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ បានជូនពរដល់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនឹងឈានចូលមកដល់នាពេលខាងមុខ ហើយជាឱកាសដែលកម្ពុជា បានធ្វើការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ប្រទេសវៀតណាម និងប្រទេសកម្ពុជា ជាប្រទេសដែលមានភូមិផងរបងជាមួយគ្នាហើយនៅពេលចូលឆ្នាំវៀតណាម គណៈប្រតិភូខេត្តព្រះសីហនុ ក៏បានទៅជូនពរខេត្តសម្ព័ន្ធមេត្រីភាពនៅប្រទេសវៀតណាម នេះជាកិច្ចសហប្រតិបត្តិការរវាងខេត្តសម្ព័ន្ធមេត្រីភាពរវាងខេត្តជាប់ឆ្នេរសមុទ្រឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ហើយសង្ឃឹមថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ វៀតណាម កម្ពុជាកាន់តែជិតស្និទ្ធបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអគ្គកុងសុលវៀតណាមបានថ្លែងអំណគុណរដ្ឋបាលខេត្តព្រះសីហនុ បានជួយគាំទ្រ បង្កលក្ខណៈងាយស្រួលឱ្យកុងស៊ុលបានបន្តបេសកម្មរបស់ខ្លូននៅលើទឹកដីនៃខេត្តតំបន់ឆ្នេរ នៃព្រះរាជាណាចក្រកម្ពុជាទទួលបានលទ្ធផលផ្លែផ្កា។ ហើយគណៈប្រតិភូប្រទេសវៀតណាមដែលបានមកធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ ពួកគាត់បានបញ្ជាក់ថា ខេត្តព្រះសីហនុមានការអភិវឌ្ឍរីកចម្រើន ជាពិសេសការងារសន្តិសុខ សុវត្ថិភាពល្អដែលជាឱកាសសម្រាប់អ្នកទេសចរ និងវិនិយោគិនមកកាន់ខេត្តព្រះសីហនុ នៅពេលខាងមុខអាចជំរុញសកម្មភាពពាណិជ្ជកម្ម ទេសចរណ៍រវាងខេត្តព្រះសីហនុ និងខេត្តនៃប្រទេសវៀតណាម និងសូមជូនពរឱ្យថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តព្រះសីហនុមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច។


ជាការស្វាគមន៍ ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអគុណអគ្គកុងស៊ុលវៀតណាមដែលបានមកជូនពរដល់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋ ហើយអ្វីដែលឯកឧត្តម អគ្គកុងស៊ុលបានលើកឡើងយើងរីករាយការបង្កើតឪ្យមានទំនាក់ទំនងផ្លូវទឹករវាងប្រទេសទាំងពីរ ជាពិសេសការផ្លាស់ប្តូរទេស ចរណ៍រវាងខេត្តព្រះសីហនុ ទៅកាន់ខេត្តកាម៉ាវ កោះពូគួក ប្រទេសវៀតណាម។ ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាជនខេត្តព្រះសីហនុ ជូនពរឱ្យប្រទេសវៀតណាមកាន់តែមានភាពរីកចម្រើនថែមទៀត ព្រោះកម្ពុជា និងវៀតណាមមានទំនាក់ទំនងដៃគូពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍កាន់តែល្អបន្ថែមទៀត។
ឯកឧត្ដមអភិបាលខេត្តព្រះសីហនុសង្ឃឹមថា ប្រទេសទាំងពីរនឹងមានផ្លូវរថភ្លើងល្បឿនលឿនកើតមាននៅពេលខាងមុខ ចំពោះការដឹកជញ្ជូនតាមផ្លូវទឹកក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ច និងទេសចរណ៍រវាងប្រទេសទាំងពីរកំពុងតែកើតមានសម្រាប់ទេសចរណ៍ពីខេត្តព្រះសីហនុ ទៅកាន់ខេត្តនៃប្រទេសវៀតណាម។

ឯកឧត្ដមអភិបាលខេត្តក៏បានជម្រាបជូនអគ្គកុងស៊ុលវៀតណាមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញវិធានការច្បាប់ក្នុងការបង្ក្រាប និងបិទបញ្ជប់ Scams Online ឱ្យអស់នៅចុងខែមេសានេះ ហើយរដ្ឋបាលខេត្តកំពុងតែអនុវត្តនូវបទបញ្ជារបស់សម្តេចធិបតីឱ្យបាន១០០ភាគរយ៕
ដោយ ងូ សុមុនី





