ម៉ាឡេស៊ីដាក់ចេញវិធានការណ៍បង្ការដើម្បីទប់ស្កាត់ផលប៉ះពាល់នៃវិបត្តិថាមពលសកលលោក
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ -- លោក ហ្វាឌីឡា យូសូហ្វ(Fadillah Yusof) ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានប្រកាសពីវិធានការណ៍សកម្មជាបន្តបន្ទាប់ ដែលផ្តោតទៅលើអាទិភាពសំខាន់ៗចំនួនប្រាំ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃវិបត្តិថាមពលពិភពលោក ដែលបង្កឡើងដោយជម្លោះនៅមជ្ឈិមបូព៌ា។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីពេលថ្មីៗនេះ លោក ហ្វាឌីឡា បាននិយាយថា រដ្ឋាភិបាលកំពុងផ្តោតទៅលើការធានាការផ្គត់ផ្គង់ប្រេងឥន្ធនៈដែលមានស្ថេរភាព រក្សាកិច្ចសន្ទនាជាប្រចាំជាមួយភាគីពាក់ព័ន្ធនៅទូទាំងវិស័យនានា ទប់ស្កាត់ការកើនឡើងនៃតម្លៃ លើកកម្ពស់វិធានការសន្សំសំចៃថាមពល និងផ្តល់ព័ត៌មានទាន់ពេលវេលា និងមានតម្លាភាពដល់សាធារណជន។
យោងតាមលោកឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា រដ្ឋាភិបាលដោយសហការជាមួយក្រុមហ៊ុនប្រេង និងឧស្ម័នជាតិ Petronas និងក្រុមហ៊ុនឧស្សាហកម្ម កំពុងធ្វើការត្រួតពិនិត្យប្រចាំថ្ងៃទៅលើខ្សែសង្វាក់ផ្គត់ផ្គង់ប្រេងឥន្ធនៈ។ ផែនការបន្ទាន់មួយក៏ត្រូវបានរៀបចំឡើងផងដែរ ដើម្បីធានាការផ្គត់ផ្គង់ដែលមិនមានការរំខានក្រោមកាលៈទេសៈទាំងអស់ រួមទាំងការស្វែងរកប្រភពពីទីផ្សារជំនួស ក្នុងករណីមានការរំខានយូរ។ ជាលទ្ធផលការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ប្រទេសម៉ាឡេស៊ីនៅតែមានស្ថេរភាព។
លោកបានបន្ថែមថា ការកែសម្រួលតម្លៃប្រេងឥន្ធនៈកំពុងត្រូវបានអនុវត្តតាមរបៀបដែលគ្រប់គ្រង និងជាដំណាក់កាល ស្របតាមការវិវត្តនៃទីផ្សារពិភពលោក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





