សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ផ្តល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ១២៤គ្រួសារនៅ ស្រុកបាណន់
AKP បាត់ដំបង ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦–ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ព្រមទាំងសហការី នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជនតាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះចំនួន ១២៤គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងនោះរលំទាំងស្រុងចំនួន៧ខ្នងផ្ទះ ប៉ះពាល់ធ្ងន់ធ្ងរចំនួន ៤៣ខ្នងផ្ទះ និងប៉ះពាល់ដោយអន្លើរចំនួន៧៤ខ្នង មកពី ១១ភូមិ ក្នុងឃុំចំនួន ៣នៃ ស្រុកបាណន់ ខេត្តបាត់ដំបង។ពិធីនេះប្រារព្វធ្វើនៅឃុំស្នឹង ស្រុកបាណន់ ។


នាឱកាសនោះ ឯកឧត្តម សុខ លូ បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ពោលគឺទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា ។ ឯកឧត្តម សម្ដែងការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះ មហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ហើយអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូនពលរដ្ឋពេលនេះអាចជួយសម្រាលទុក្ខបាករបស់បងប្អូនបានមួយគ្រាផងដែរ។

ឯកឧត្តម បានបន្តថា ក្រើនរំលឹកដល់ប្រជាពលរដ្ឋគ្រប់រូបមានការប្រុងប្រយ័ត្នឲ្យបានគ្រប់ៗគ្នា ជាពិសេសបងប្អូន ប្រជាពលរដ្ឋទាំងអស់ និងសូមមេត្តាថែទាំសុខភាពឱ្យបានល្អ កូនចៅតូចៗត្រូវប្រុងប្រយ័ត្ន ខ្លាចក្រែងជួបវិបត្តិផ្សេងៗ ព្រោះដើមរដូវវស្សាជិតមកដល់ហើយ៕ ដោយ៖ ណយ នឿន ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង)





