ទ្រីយ៉ាត្លុងកម្ពុជាឈ្នះមេដាយប្រាក់១គ្រឿង កីឡាឆ្នេរខ្សាច់អាស៊ី នៅចិន
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦--កីឡាការិនីទ្រីយ៉ាត្លុងកូនកាត់ខ្មែរ-បារាំង ម៉ាហ្គ មរតក ហ្គារ៉ាប៊ិឌៀន បានឈ្នះមេដាយប្រាក់១គ្រឿង ដែលជាមេដាយទី១របស់កម្ពុជា នៅក្នុងការប្រកួតកីឡាឆ្នេរខ្សាច់អាស៊ី លើកទី ៦ ឆ្នាំ២០២៦ នៅទីក្រុងសាន់យ៉ា ប្រទេសចិន នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦

លោក យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានបញ្ជាក់ពីប្រទេសចិនមកថា កីឡាការិនីទ្រីយ៉ាត្លុងកម្ពុជា ម៉ាហ្គ មរតក ហ្គារ៉ាប៊ិឌៀន បានឈ្នះមេដាយប្រាក់១គ្រឿងលើ វិញ្ញាសា Women Individual Aquathlon (រត់ នឹងហែលទឹក) ទទួលបានមេដាយប្រាក់១គ្រឿង ដោយធ្វើសម្រេចក្នុងថិរៈវេលា ៣២.០០ នាទី ក្នុងចំណោមកីឡាការិនី ២៧នាក់មកពី១៥ប្រទេស ខណៈមេដាយមាស និងមេដាយសំរឹទ្ធលើវិញ្ញាសានេះដណ្តើមបានដោយម្ចាស់ផ្ទះ ចិន។ ដោយឡែកប្រភេទជឺជីតស៊ូកម្ពុជា កីឡាករ អូប៉េរ៉ាណា ខៃមុនី រីធាវឌ្ឍ បានឡើងវគ្គ១៦នាក់ បន្ទាប់ពីបានប្រកួតឈ្នះកីឡាករអ៊ីរ៉ង់ លើវិញ្ញាសាទម្ងន់ ៦២គ.ក្រ។ កីឡាករ អូប៉េរ៉ាណា ខៃមុនី រីធាវឌ្ឍ នឹងត្រូវឡើងទៅប្រកួតប៉ះជាមួយកីឡាករអារ៉ាប់រួម នៅវគ្គ១៦នាក់។ កម្ពុជាបានបញ្ជូន៤ប្រភេទកីឡា ដូចជា ជឺជីតស៊ូ ចំបាប់ បាល់ទាត់លើតុ និងទ្រីយ៉ាត្លុង។ គួរបញ្ជាក់ថា កាលពីយប់មិញ ប្រតិភូកីឡាកម្ពុជាបានចូលរួមដង្ហែរក្បួនក្នុងពិធីបើកជាផ្លូវការយ៉ាងអធិកអធមផងដែរ៕

ដោយ ហេង ណាលីន (រូបភាព៖ ប្រតិភូកីឡាកម្ពុជា)





