ឯកអគ្គរាជទូតខ្មែរនៅកូរ៉េ ជួបពិភាក្សាការងារជាមួយក្រុមគណៈប្រតិភូមូលនិធិ K-Firefly
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦--ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅកូរ៉េបានជួយពិភាក្សាការងារជាមួយក្រុមគណៈប្រតិភូមូលនិធិ K-Fireflyនៅស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ។

នៅព្រឹកថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមគណៈប្រតិភូមូលនិធិ K-Firefly ដឹកនាំដោយលោក KIM Gwang-Mo ប្រធានមូលនិធិ K-Firefly នៅស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ។

មូលនិធិ K-Firefly គឺជាអង្គការក្រៅរដ្ឋាភិបាលដែលបង្កើតឡើងដោយអតីតមន្ត្រីរាជការកូរ៉េមកពីក្រសួង-ស្ថាប័នចំរុះ ក្នុងគោលបំណងរក្សាសុខសុវត្ថិភាព និងការពារពលករបរទេស ដែលរស់នៅក្នុងប្រទេសកូរ៉េ។

K-Firefly បានសហការជាមួយក្រុមហ៊ុន LG បង្កើតកម្មវិធី App ដែលបញ្ចូលមុខងារផ្តល់ព័ត៌មានចាំបាច់មួយចំនួនដូចជាផែនទី ទីតាំងមន្ទីរពេទ្យ ទីតាំងមជ្ឈមណ្ឌលគាំពារពលករ ជាដើម សម្រាប់សម្រួលដល់ការរស់នៅរបស់ជនបរទេសនៅកូរ៉េ។
បច្ចុប្បន្ន App នេះបានបកប្រែជា២០ភាសាផ្សេងគ្នាសម្រាប់អ្នកប្រើប្រាស់បរទេស ដែលរស់នៅក្នុងប្រទេសកូរ៉េ តែមិនទាន់មានភាសាខ្មែរនៅឡើយទេ។

មូលនិធិ K-Firefly មានបំណងបង្កើត Platform ជាភាសាខ្មែរ សម្រាប់អ្នកប្រើប្រាស់ជនជាតិខ្មែរ ដែលរស់នៅក្នុងប្រទេសកូរ៉េ ឆាប់ៗខាងមុខនេះ៕
ដោយ៖ ប៊ុនរិទ្ធ





