អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជំរុញអ្នកផលិតឲ្យពង្រីកសមត្ថភាពដើម្បីបំពេញតម្រូវការទីផ្សារ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦–អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កៅ កោសល ជំរុញឲ្យអ្នកផលិត និងអ្នកកែច្នៃ បង្កើនការផលិតទំនិញក្នុងស្រុក និងព្យាយាមពង្រីកសមត្ថភាព ដើម្បីអភិវឌ្ឍន៍ផលិតផល និងពង្រីកវិសាលភាពខ្សែច្រវាក់ផ្គត់ផ្គង់ទំនិញរបស់ខ្លួនស្របទៅតាមនិន្នាការទីផ្សារនាពេលបច្ចុប្បន្ន។

ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការធ្វើពិពិធកម្មទីផ្សារផលិតផលកម្ពុជា” កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់អ្នកផលិត និងអ្នកកែច្នៃ បង្កើនការផលិតទំនិញក្នុងស្រុក និងព្យាយាមពង្រីកសមត្ថភាពខ្លួនឯងបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ផលិតផលនិងពង្រីកវិសាលភាពខ្សែច្រវាក់ផ្គត់ផ្គង់ទំនិញរបស់ខ្លួន ស្របទៅតាមនិន្នាការទីផ្សារនាពេលបច្ចុប្បន្ន ក៏ដូចជាដើម្បីជំរុញការធ្វើពិពិធកម្មទីផ្សារនាំចេញ និងបង្កើនចំណែកទីផ្សារជាតិ និងអន្តរជាតិ។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានសំណូមពរដល់អ្នកប្រើប្រាស់គ្រប់រូប សូមបន្តចូលរួមគាំទ្រ និង ប្រើប្រាស់ផលិតផលខ្មែរ ដើម្បីលើកទឹកចិត្តដល់ផលិតករឲ្យខិតខំផលិតប្រកបដោយគុណភាព សុវត្ថិភាព និងស្តង់ដាអនាម័យខ្ពស់ កសាងបាននូវទំនុកចិត្តសម្រាប់បំពេញតម្រូវការអ្នកប្រើប្រាស់ទាំងក្នុងស្រុក និងក្រៅស្រុក ផងដែរ។

យោងតាមក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ការរៀបចំសិក្ខាសាលានេះ មានគោលបំណងសំខាន់ៗ ចំនួន៣ គឺទី១-បង្កើនភាពច្នៃប្រឌិតលើផលិតផលខ្មែរ ទី២-ជំរុញឱ្យមានកំណើនវត្តមានផលិតផលខ្មែរលើទីផ្សារ និងទី៣-បង្កើនការប្រកួតប្រជែងទាំងគុណភាព និងស្តង់ដា។គួរបញ្ជាក់ដែរថា សិក្ខាសាលានេះមានការចូលរួមពីលោក-លោកស្រីអគ្គនាយករងជំរុញពាណិជ្ជកម្ម លោកប្រធាននាយកដ្ឋាន មន្រ្តីជំនាញនៃក្រសួងពាណិជ្ជកម្ម តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ឋ វិស័យឯកជន អ្នកផលិត អ្នកកែច្នៃ និងតំណាងផ្សារទំនើបនៅកម្ពុជា ជាច្រើនរូប៕
ដោយ៖ ស្រីពេជ្រ





