សមត្ថកិច្ចរកឃើញក្រុមហ៊ុន សៀងហៃ វីហ្សត ខូអិលធីឌី ដែលមានកាស៊ីណូឈ្មោះ សៀងហៃ វីហ្សត (SHANG HAI RESORT) ស្ថិតនៅ ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀងមាន សកម្មភាពពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ -- សមត្ថកិច្ចរកឃើញក្រុមហ៊ុន សៀងហៃ វីហ្សត ខូអិលធីឌី ដែលមានកាស៊ីណូឈ្មោះ សៀងហៃ វីហ្សត (SHANG HAI RESORT) ស្ថិតនៅ ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀងមាន សកម្មភាពពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋាន នៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) ។
ប្រភពបានលើកឡើងថា អនុវត្តតាមបទបញ្ជារាជរដ្ឋាភិបាលលេខ ០១ បប ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, អគ្គលេខាធិការដ្ឋាន នៃ គ.ល.ក. នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បានសហការជាមួយកងកម្លាំង អគ្គស្នងការដ្ឋាននគរបាលជាតិ, កងកម្លាំងគណៈបញ្ជាការឯកភាពខេត្តស្វាយរៀង និង អយ្យការអម សាលាដំបូងខេត្តស្វាយរៀង បានចុះប្រតិបត្តិការត្រួតពិនិត្យ និង ឆែកឆេរនៅទីតាំងក្រុមហ៊ុន សៀងហៃ វីហ្សត ខូអិលធីឌី ដែលមានកាស៊ីណូឈ្មោះ សៀងហៃ វីហ្សត (SHANG HAI RESORT) ស្ថិតនៅ ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
លទ្ធផល នៃប្រតិបត្តិការ និងការស្រាវជ្រាវជំនាញ បានរកឃើញ សកម្មភាពពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
កងកម្លាំងសមត្ថកិច្ចបានដកហូតឧបករណ៍ សម្ភារៈពាក់ព័ន្ធ និងឃាត់ខ្លួនជនបរទេសសរុបចំនួន ១០៧ នាក់ (ស្រី ២៦ នាក់) មាន ៤ សញ្ជាតិ បញ្ជូនទៅកម្លាំងមានសមត្ថកិច្ច ដើម្បីអនុវត្តនីតិវិធីបន្ត។
យោងតាមច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម, ក្រុមហ៊ុន សៀងហៃ រីហ្សត ខូអិលធីឌី បានប្រព្រឹត្តល្មើសនឹងបទបញ្ញត្តិជាធរមាន។ ដូចនេះ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ លេខ ០៤០ គ.ល.ក ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដែលផ្តល់ជូនក្រុមហ៊ុន សៀងហៃ រីហ្សត ខូអិលធីឌី ដែលមានកាស៊ីណូឈ្មោះ សៀងហៃ រីហ្សត ស្ថិតនៅឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង តាមរយៈសេចក្តីសម្រេចលេខ ០២៩ គ.ល.ក.សសរ ចុះថ្ងៃទី៣ ខែមេសា គ.ស.២០២៦។
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) នឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត តាមបទបញ្ជារាជរដ្ឋាភិបាល លេខ ០១ បប ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ដោយសហការជាមួយ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និង កងកម្លាំងមានសមត្ថកិច្ច ដើម្បីចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងក្រុមហ៊ុនកាស៊ីណូ ផ្សេងទៀត ដែលសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងគោលដៅចូលរួម បោសសម្អាត និងលុបបំបាត់ឱ្យបានទាំងស្រុងនូវការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅកម្ពុជា៕

ដោយ៖ ប៊ុនរិទ្ធ





