ក្រសួងមហាផ្ទៃ៖ ខែមីនា ករណីក្មេងទំនើងថយចុះ ធៀបខែកុម្ភៈ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦—គិតចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចនគរបាលជាតិគ្រប់មូលដ្ឋានបានបន្តប្រតិបត្តិការបង្ក្រាបក្មេងទំនើង ៨៥ករណី និងបានឃាត់ខ្លួនជនបង្កចំនួន ៣៥២នាក់ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។
បើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ធៀបនឹងខែកុម្ភៈ ករណីក្មេងទំនើងក្នុងខែមីនា បានថយចុះ១៩ករណី ស្មើនឹង ២៤នាក់។ ក្រសួងចាត់ទុកលទ្ធផលនេះថា មួយផ្នែកធំកើតចេញពីការភ្ញាក់រលឹករបស់យុវជនជ្រុលជ្រួស បានវិលមកធ្វើជាយុវជនល្អ ខណៈសមត្ថកិច្ចបានបង្កើនការបង្ក្រាបមិនដកដៃ។
គួរកត់សម្គាល់ថា ក្នុងចំណោមជនសង្ស័យជាង ៣០០នាក់ នគរបាលជាតិឃាត់ខ្លួនក្នុងខែមីនានោះ ភាគច្រើនត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ពោលគឺពេលនេះ ពួកគេកំពុងស្ថិតក្រោមការឃុំខ្លួនតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងអនុវត្តច្បាប់នៅទូទាំងប្រទេស បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ក្រាបករណីក្មេងទំនើងឱ្យបានទាន់ពេលវេលាទោះរត់ទៅទីណាក៏ដោយ ក្រោមទិសដៅបន្ថយការអប់រំរួចឱ្យវិលទៅផ្ទះ ដោយបង្កើនការកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

កាលពីខែកុម្ភៈកន្លងទៅ កម្លាំងសមត្ថកិច្ចបានបង្ក្រាបក្មេងទំនើងចំនួន ១០៤ករណី និងឃាត់ខ្លួនជនបង្ក ៣៧៦នាក់ បញ្ជូនទៅតុលាការ។ ក្នុងកាលៈទេសៈនេះ ក្រុមក្មេងទំនើងនឹងអាចចូលឆ្នាំក្នុងពន្ធនាគារ ឬមណ្ឌលអប់រំកែប្រែ បើហ៊ានបង្កសកម្មភាពហិង្សា អុកឡុកសង្គម រំខានសេចក្ដីសុខពលរដ្ឋ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





