ឡាវឈានទៅដល់ការតភ្ជាប់ផ្លូវដែកជាមួយវៀតណាម
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ -- រដ្ឋាភិបាលឡាវ និងក្រុមហ៊ុនផ្លូវដែកឡាវ-វៀតណាម បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសម្បទានសម្រាប់ការរចនា ការសាងសង់ ការកៀរគរដើមទុន ប្រតិបត្តិការនិងការថែទាំគម្រោងផ្លូវដែកឡាវ-វៀតណាម ដែលគ្របដណ្តប់លើផ្នែកពីទីក្រុងថាកេក ក្នុងខេត្តខាំមួន ភាគកណ្តាលប្រទេសឡាវ រហូតដល់តំបន់ព្រំដែនមូយ៉ា ក្នុងអតីតខេត្តក្វាងប៊ិញ របស់ប្រទេសវៀតណាម (ឥឡូវនេះជាខេត្តក្វាងទ្រី)។
ថ្លែងនៅក្នុងពិធីចុះហត្ថលេខានៅទីក្រុងវៀងចន្ទន៍កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនឡាវ លោក ឡេកឡាយ ស៊ីវីល័យ (Leklay Sivilay) បានបញ្ជាក់ថា គម្រោងផ្លូវដែកនេះ គឺជាគម្រោងជាតិដ៏សំខាន់មួយដែលនឹងជួយប្រទេសឡាវឱ្យសម្រេចបាននូវសេចក្តីសម្រេចលេខ០៤ របស់គណៈកម្មាធិការកណ្តាលនៃបក្សបដិវត្តន៍ប្រជាជនឡាវ ស្តីពីការកសាងសេដ្ឋកិច្ចឯករាជ្យ និងពឹងផ្អែកលើខ្លួនឯង។ គម្រោងនេះក៏រួមចំណែកដល់ការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិរយៈពេលប្រាំឆ្នាំលើកទី១០ របស់ប្រទេសឡាវផងដែរ ជាពិសេសគោលដៅនៃការពង្រឹងការធ្វើសមាហរណកម្មក្នុងតំបន់ និងសកលលោក ដើម្បីសម្រួលដល់ការផលិត សេវាកម្ម ពាណិជ្ជកម្ម និងការវិនិយោគ។
គម្រោងនេះនឹងជួយផ្លាស់ប្តូរប្រទេសឡាវពីប្រទេសដែលគ្មានសមុទ្រទៅជាប្រទេសដែលមានផ្លូវគោកភ្ជាប់គ្នាជាមួយនឹងការចូលទៅកាន់សមុទ្រតាមរយៈកំពង់ផែវូងអាងរបស់ប្រទេសវៀតណាម និងការតភ្ជាប់នាពេលអនាគតដែលភ្ជាប់ប្រទេសវៀតណាម ឡាវ ចិន និងអឺរ៉ុបតាមរយៈផ្លូវដែកឡាវ-ចិន។
លោក ស៊ីវីល័យ បានសង្កត់ធ្ងន់ថា នាពេលអនាគត ផ្លូវដែកឡាវ-វៀតណាម នឹងឈរជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការក្នុងយុគសម័យថ្មីមួយ ដោយពង្រឹងបន្ថែមទៀតនូវមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ និងចំណងមិត្តភាពជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។
ក្នុងនាមជាគម្រោងយុទ្ធសាស្ត្រដែលគាំទ្រដោយរដ្ឋាភិបាលទាំងពីរនិងត្រូវបានចុះបញ្ជីជាអាទិភាពក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ផ្លូវដែកឡាវ-វៀតណាម មានប្រវែងសរុបប្រហែល ៥៦២គីឡូម៉ែត្រ ដោយផ្នែកពីខេត្តថាកេក ដល់តំបន់ព្រំដែនមូយ៉ា ត្រូវបានកំណត់ឱ្យលាតសន្ធឹង១៤៧គីឡូម៉ែត្រ៕





