មន្ត្រីសាខាកាំកុងត្រូល ចុះពិនិត្យសំណាកគុណភាពចំណីអាហារ ដែលលក់នៅតាមបណ្តោយឆ្នេរអូរឈើទាល
AKP ព្រះសីហនុ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦--លោក ឃុន ស៊ីម៉ន ប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ ក.ប.ប. សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ ចុះពិនិត្យសំណាកគុណភាពចំណីអាហារដែលបានលក់ដូរនៅតាមបណ្តោយឆ្នេរអូរឈើទាល ស្ថិតក្នុងសង្កាត់លេខ4 ក្រុងព្រះសីហនុ ដើម្បីធានាសុវត្ថិភាពចំណីអាហារជូនប្រជឆពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងឈានចូលមកដល់ថ្ងៃទី១៤ ខែមេសា ខាងមុខ។

លោក ឃុន ស៊ីម៉ន ប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុបានឱ្យដឹងកាលពីរសៀលថ្ងៃព្រហស្បតិ៍ទី២ ខែមេសា ឆ្នាំ២០២៦ថា ដើម្បីសុវត្ថិភាពម្ហូប អាហារ ជាពិសេសការរក្សាទុកដាក់ម្ហូបអាហារស្រស់ វិធានអនាម័យ ការបិតស្លាកផ្សព្វផ្សាយអំពីការជ្រើសរើសម្ហូបអាហារដែលមានសុវត្ថិភាព នៅតាមបណ្តោយឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ ដើម្បីធានាថា ម្ហូបអាហារគ្រឿងសមុទ្រ និងសាច់គ្រប់ប្រភេទមិនមានដាក់លាយសាធាតុធ្វើឱ្យប៉ះ ពាល់ដល់សុខភាពអ្នកបរិភោគ។
ទន្ទឹមនោះ មន្រ្តីសាខាកាំកុងត្រូល ក៏បានយកមន្ទីរពិសោធន៍ខ្នាតតូចក្នុងការត្រួតពិនិត្យគុណភាពម្ហូបអាហារដែលអាជីវករបានកំពុងដាក់លក់នៅតាមបណ្តោយឆ្នេរអូរឈើទាល ព្រមទាំងបានដកយកសំណាលគំរូចំនួន ១៥គំរូ ធ្វើតេស្តបឋមនៅលើរថយន្តពិសោធន៍ចល័តរបស់សាខាកាំកុងត្រូលផងដែរ។
ចំពោះលទ្ធផលដែលបានធ្វើតេស្តបឋមលើសំណាក ១៥មុខ មិនបានរកឃើញវត្តមាន បូរ៉ាក ហ្វ័រម៉ាលីន នៅលើសំណាកដែលយកមកធ្វើតេស្តនោះទេ។ ជាមួយគ្នានោះដែរ មន្ត្រីសាខាកាំកុង ត្រូល ក៏បានធ្វើការណែនាំពន្យល់ ផ្សព្វផ្សាយពីផលប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ព្រោះប្រសិនបើម្ហូបអាហាររបស់យើងគ្នានគុណភាព ម្ហូបរបស់យើងមានសារធាតុ បូរ៉ាក ហ្វ័រម៉ាលីន ធ្វើឱ្យភ្ញៀវគេមិនទិញបរិភោគ និងមកលេងកម្សាន្ត ដូច្នេះយើង ត្រូវរួមគ្នាលក់ម្ហូបអាហារណាដែលមានគុណភាព មិនប៉ះពាល់ដល់សុខភាពអ្នកបរិភោគ នោះភ្ញៀវគេនឹងមកលេងខេត្តរបស់យើងកាន់តែច្រើន ហើយឱកាសដែលយើងរកលុយក៏មានកាន់តែច្រើនបង្កើនជីវភាពគ្រួសារ ៕
ដោយ ងូ សុមុនី





