អភិបាលរងខេត្តកណ្តាល ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ១២ភូមិក្នុង ស្រុកស្អាង
AKP កណ្តាល ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦--លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ បានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ចំនួន ១២ភូមិ ក្នុងស្រុកស្អាង សុរប ៨ ៨៤៤ ប័ណ្ណ នៅក្នុងបរិវេណសាលាស្រុកស្អាង ។

លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានបញ្ជាក់ថា ខេត្តកណ្តាលបានអនុវត្តនីតិវិធីបិទផ្សាយចប់ និងត្រៀមចេញបណ្ណនាពេលខាងមុខចំនួន ១៩៥ ភូមិ មាន ១៩៤ ០១០ ក្បាលដី និងបានធ្វើការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានចំនួន ៨១២ភូមិ ស្មើនឹង ៦០៩ ៤៧០ បណ្ណ និងធ្វើការចែកបណ្ណ ជូនដល់ដៃប្រជាពលរដ្ឋសរុបចំនួន ២៦៥ លើក ស្មើនឹង ៤៣៦ ៨៤៩ បណ្ណ ។ហើយថ្ងៃនេះគឺជា លើកទី២៦៦ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្តល់ ជូនប្រជាពលរដ្ឋមកពី ១២ភូមិ រួមមាន ភូមិក្បាលកោះកើត ភូមិក្បាលកោះលិច ភូមិកណ្តាលកោះ ភូមិចុងកោះកើត ភូមិចុងកោះលិច ភូមិក្បាលកោះខាងត្បូង ភូមិបទុមសាគរ ភូមិព្រែកយាយម៉ី ឃុំកោះខ្សាច់ទន្លា ភូមិពោធិ៍លើ ភូមិពោធិ៍កណ្តាល ភូមិព្រែកតាឯក ឃុំត្រើយស្លា និងភូមិលេខ២ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល សរុបចំនួន ៨ ៨៤៤ បណ្ណ។

លោក អភិបាលរងខេត្ត បានសំណូមពរដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះករណីឆបោកតាមប្រព័ន្ធអនឡាញ (Scam Online) ក្នុងមូលដ្ឋានរបស់យើងព្រោះសកម្មភាពឆបោកតាមរយៈប្រព័ន្ធអនឡាញបានបង្កឱ្យមានការបាត់បង់ទ្រព្យសម្បត្តិ និងប៉ះពាល់ដល់សន្តិសុខផ្ទាល់ខ្លួនរបស់បងប្អូនប្រជាពលរដ្ឋ។ ការជួលផ្ទះឬបន្ទប់ឱ្យជនបរទេសស្នាក់នៅ គឺជាប្រភពចំណូលដ៏ល្អមួយសម្រាប់បងប្អូនប្រជាពលរដ្ឋ ប៉ុន្តែវាក៏តម្រូវឱ្យមានការយកចិត្តទុកដាក់ និងការប្រុងប្រយ័ត្នខ្ពស់ផ្នែកសន្តិសុខផងដែរ។ ដើម្បីចូលរួមបង្ការបទល្មើសផ្សេងៗ និងរក្សាសុវត្ថិភាពសង្គម បងប្អូនម្ចាស់ផ្ទះគួរទៅរាយការណ៍ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលដែលនៅជិតបំផុត ឬអាជ្ញាធរមូលដ្ឋានការចូលរួមរបស់បងប្អូន គឺជាផ្នែកមួយដ៏សំខាន់ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបង្ការបទល្មើសឆ្លងដែនផ្សេងៗ។ បច្ចុប្បន្ន បញ្ហាគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ នៅតែជាបញ្ហាប្រឈមដ៏ធំដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ និងការបង្ក្រាបឱ្យមានប្រសិទ្ធភាពពីសំណាក់អាជ្ញាធរមូលដ្ឋានដែលជាកម្លាំងជួរមុខមានតួនាទីយ៉ាងសំខាន់ត្រូវក្តាប់ឱ្យជាប់នូវមុខសញ្ញាដែលពាក់ព័ន្ធនឹងការចែកចាយ ប្រើប្រាស់គ្រឿងញៀន និងទីតាំងល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន ។ ត្រូវចាត់វិធានការបង្ក្រាបដោយគ្មានការយោគយល់ ឬការយឺតយ៉ាវ ចំពោះទីតាំងណាដែលលួចលាក់បើកល្បែងស៊ីសង ឬកន្លែងជួញដូរគ្រឿងញៀន និងបន្តជំរុញការអប់រំដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន ឱ្យយល់ដឹងពីផលវិបាកនៃល្បែងស៊ីសង និងគ្រឿងញៀន តាមរយៈគោលនយោបាយ «ភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព»។
ក្នុងឱកាសនោះដែរ លោក អភិបាលរងខេត្ត ក៏បានអំពាវនាវដល់បងប្អូនដែលទទួលបានបណ្ណកម្មសិទ្ធដីធ្លីត្រូវទុកដាក់ និងថែរក្សាឱ្យបានត្រឹមត្រូវព្រោះបណ្ណកម្មសិទ្ធិគឺជាឯកសារមរតក និងជាទ្រព្យសំខាន់ បងប្អូនប្រជាពលរដ្ឋអាចប្រើប្រាស់បណ្ណនេះដើម្បីដាក់បញ្ចាំនៅធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្របច្បាប់ ដើម្បីទទួលបានទុនយកមកប្រកបរបរទទួលទាន ដើម្បីបង្កើនជីវភាពក្នុងគ្រួសារ ៕
ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





