អភិបាលខេត្តបន្ទាយមានជ័យ ជំរុញឱ្យអង្គការ Samaritan's Purse ពង្រឹងកិច្ចសហការជាមួយមន្ទីរជំនាញ ដើម្បីធានាថាគម្រោងថ្មីឆ្នាំ ២០២៦-២០២៧ អនុវត្តចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់
AKP បន្ទាយមានជ័យថ្ងៃទី០៣ខែមេសាឆ្នាំ២០២៦--ក្នុងគោលដៅពន្លឿនការអភិវឌ្ឍ និងលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយាល ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានផ្តល់អនុសាសន៍គន្លឹះដល់អង្គការសាម៉ារីតាន់ ភឺស (Samaritan's Purse) ឱ្យបន្តកិច្ចសហការជិតស្និទ្ធជាមួយមន្ទីរជំនាញពាក់ព័ន្ធ ក្នុងន័យធានាថាការអនុវត្តគម្រោងថ្មីៗ នឹងឆ្លើយតបចំតម្រូវការជាក់ស្តែងរបស់មូលដ្ឋាន។

ការថ្លែងបែបនេះបានធ្វើឡើងក្នុងជំនួបសម្តែងការគួសម និងពិភាក្សាការងាររវាងរដ្ឋបាលខេត្ត និងប្រតិភូអង្គការសាម៉ារីតាន់ ភឺស ដឹកនាំដោយលោក Barry Graham JESSEN នាយកប្រចាំប្រទេស កម្ពុជាកាលពីរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នេះនៅសាលាខេត្តបន្ទាយមានជ័យ។

ចក្ខុវិស័យយុទ្ធសាស្ត្រ ២០២៦-២០២៧ ផ្តោតលើសុខុមាលភាព និងសេដ្ឋកិច្ចមូលដ្ឋាន ក្នុងជំនួបនាដដែលនោះ លោក Barry Graham JESSEN បានជម្រាបជូនរដ្ឋបាលខេត្តអំពីសមិទ្ធផលដែលសម្រេចបានកន្លងមក និងបានបង្ហាញនូវផែនការយុទ្ធសាស្ត្រថ្មីសម្រាប់ឆ្នាំ ២០២៦-២០២៧ ដែលអង្គការគ្រោងនឹងពង្រីកវិសាលភាពអនុវត្តក្នុងខេត្តបន្ទាយមានជ័យ។ គម្រោងអាទិភាពទាំងនោះរួមមានវិស័យទឹកស្អាត និងអនាម័យ៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅតាមសហគមន៍ដែលខ្វះខាត និងតំបន់ដាច់ស្រយាល។ការអប់រំ និងសុខុមាលភាពកុមារកម្មវិធីគាំទ្រការរៀនសូត្រ និងការថែទាំសុខភាពបឋមសម្រាប់កុមារ។ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការគាំទ្របច្ចេកទេសកសិកម្ម ដើម្បីបង្កើនចំណូលគ្រួសារ។
លោកនាយកប្រចាំប្រទេសបានសង្កត់ធ្ងន់ថា «ជោគជ័យនៃគម្រោងទាំងអស់នេះ គឺមិនអាចខ្វះបានឡើយនូវការគាំទ្រផ្នែកច្បាប់ បច្ចេកទេស និងការសម្របសម្រួលយ៉ាងជិតស្និទ្ធពីសំណាក់អាជ្ញាធរមូលដ្ឋាន»។
ជាការឆ្លើយតប ឯកឧត្ដម អ៊ុំ រាត្រី បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពមនុស្សធម៌ និងការអភិវឌ្ឍរបស់អង្គការសាម៉ារីតាន់ ភឺស ដែលបានឈរជើងជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំជាមួយរដ្ឋបាលខេត្តនាពេលកន្លងមក។ ឯកឧត្ដមបានបញ្ជាក់ថា រដ្ឋបាលខេត្តតែងតែបើកចំហ និងត្រៀមខ្លួនជានិច្ចក្នុងការបង្កលក្ខណៈងាយស្រួល ទាំងផ្នែកសន្តិសុខ និងការសម្របសម្រួលរដ្ឋបាល ដើម្បីឱ្យដៃគូអភិវឌ្ឍន៍អាចអនុវត្តការងារបានដោយរលូន។
ឯកឧត្ដមអភិបាលខេត្តបានផ្តល់អនុសាសន៍បន្ថែមថា«ដើម្បីឱ្យគម្រោងថ្មីនេះមានប្រសិទ្ធភាពខ្ពស់បំផុត ក្រុមការងារអង្គការត្រូវធ្វើការឱ្យជិតស្និទ្ធជាមួយមន្ទីរជំនាញ ដើម្បីកំណត់មុខសញ្ញា និងតំបន់ដែលកំពុងមានតម្រូវការចាំបាច់បំផុត ជៀសវាងការអនុវត្តជាន់គ្នា ឬមិនចំគោលដៅ»។
ជំនួបពិភាក្សានេះ មិនត្រឹមតែជាការរឹតចំណងមិត្តភាពរវាងរដ្ឋបាលខេត្ត និងអង្គការអន្តរជាតិនោះទេ ប៉ុន្តែគឺជាការបង្ហាញពីយន្តការការងារប្រកបដោយបរិយាបន្ន ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ។
តាមរយៈផែនការយុទ្ធសាស្ត្រថ្មីនេះ គេរំពឹងថាប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ នឹងទទួលបានអត្ថប្រយោជន៍ជាក់ស្តែងបន្ថែមទៀត ជាពិសេសលើការលើកកម្ពស់កម្រិតជីវភាព និងសុខុមាលភាពឱ្យកាន់តែប្រសើរឡើង ស្របតាមផែនការអភិវឌ្ឍន៍ខេត្តដែលបានដាក់ចេញ៕
ដោយ ៖ឈុនសារ៉ាត





