រដ្ឋបាលខេត្តសៀមរាបរៀបចំពិធីសូត្រមន្តប្រោះព្រំរាប់បាត្រសុំពរជ័យ សិរីមង្គល និង សំណេះសំណាលជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំមមី
AKP សៀមរាប ថ្ងៃទី0២ ខែមេសា ឆ្នាំ២០២៦-- ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាល ខេត្តសៀមរាប និង លោកជំទាវ ព្រមទាំងឯកឧត្តមលោកជំទាវ ជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះ បាននិមន្តព្រះសង្ឃសូត្រមន្ត បង្សុកូលជូនដល់វិញ្ញាណក្ខន្ធវីរៈកងទ័ព ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ព្រមទាំងចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីមង្គល ដើមី្បអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០។

ឯកឧត្តម ប្រាក់ សោភ័ណ ក៏បានធ្វើការបួងសួង សូមឱ្យបារមីដ៏ស័ក្តសិទ្ធិ ដែលថែរក្សាទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប តាមជួយថែរក្សាការពារដល់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់។ ព្រមទាំងបានធ្វើការឧទ្ទិសបួងសួងដល់ទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព្រះនាម គោរាក្សសាទេវី នឹងយាងចូលមកដល់នៅព្រឹកថ្ងៃអង្គារ ១២រោច ខែ ចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២៦ សូមជួយប្រោះព្រហ្មប្រសិទ្ធិពរជ័យ សិរីមង្គល បវរសួស្តីរ វិបុលសុខគ្រប់ប្រការ ដល់គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកមុខអ្នកការ ស្ថាប័ន អង្គភាពជុំវិញខេត្តផងដែរ ។


ឯកឧត្តមបានបន្តថា រាល់ប្រពៃណីទំនៀមទំលាប់ ដែលបងប្អូនខ្មែរខេត្តសៀមរាបយើងគោរពប្រតិបត្តិតរៀងមក ដូចជាពិធីស្រងទឹកជូនដល់ចាស់ព្រឹទ្ធាចារ្យ អ្នកមានគុណនៅតាមវត្ត តាមផ្ទះ ភូមិឃុំ សង្កាត់ យើងធ្វើទៅបានជាធម្មតា តែចំពោះនៅទីតាំងពិធីសង្ក្រាន្តសៀមរាប មិនបានអនុញ្ញាតឱ្យធ្វើការដាក់រថយន្តបាញ់ទឹកដូចឆ្នាំមុនៗនោះឡើយ៕

ដោយ ឃុត សៅ





