ឯកឧត្តម ប៉ែន បូណា៖ទោះក្នុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំ ក៏រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា មិនភ្លេចកាតព្វកិច្ច «ការពារបូរណភាពទឹកដី និងប្រជាជន»
AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ -- ទោះក្នុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំ ក៏រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា មិនភ្លេចកាតព្វកិច្ច «ការពារបូរណភាពទឹកដី និងប្រជាជន» ដែលជាអាទិភាពខ្ពស់បំផុតរបស់ខ្លួនឡើយ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល។

ថ្លែងក្នុងសន្នីសីទសារព័ត៌មាននាព្រឹកថ្ងៃទី២ មេសា ឆ្នាំ២០២៦នេះឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថាការងារការទូតសកម្មនៅតែដំណើរការឥតឈប់ឈរនៅគ្រប់ស្ថាប័នកំពូលរបស់ជាតិ ទាំងក្នុងស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិ ក៏ដូចជាក្រសួង ស្ថាប័ន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល។
អ្នកនាំពាក្យបានបន្ថែមថាទន្ទឹមនឹងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍សង្គម សេដ្ឋកិច្ចទៅវិញទៅមកជាមួយដៃគូអន្តរជាតិ របៀបវារៈស្តីពីបញ្ហាព្រំដែន និងផលប៉ះពាល់លើជនភៀសសឹក និងជំហរចង់បានដំណោះស្រាយដោយសន្តិវិធី ដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ តែងតែត្រូវបានលើកឡើងដោយបញ្ជាក់ជំហរយ៉ាងច្បាស់ថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនដោយការប្រើកម្លាំងឡើយ។
ជាមួយគ្នានោះដែរឯកឧត្តមអ្នកនាំពាក្យបានលើកឡើងថាក្រៅពីជួបសំណេះសំណាល អមដោយកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិជាមួយបងប្អូនជនភៀសសឹក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ក៏បានដឹកនាំក្រុមការងារជួបសំណេះសំណាលនិងចែកអំណោយដល់វីរកងទ័ពដែលកំពុងឈរជើងការពារព្រំដែននៅជួរមុខផងដែរ។ កម្មវិធីនេះធ្វើឡើងក្នុងស្មារតី សមរភូមិក្រោយ និងសមរភូមិមុខរួមសុខទុក្ខជាមួយគ្នា ដើម្បីការពារបូរណភាពទឹកដី និងប្រជាជន។
ឯកឧត្តមបានពន្យល់ថាខុសពីការបកស្រាយដែលមានចរិតញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយមមួយចំនួននៅក្រៅប្រទេស ដើម្បីបំបែកបំបាក់សាមគ្គីនៃមហាគ្រួសារខ្មែរ កម្មវិធីជួបសំណេះសំណាល និងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីជាមួយពលរដ្ឋភៀសសឹក និងវីរយុទ្ធជនជួរមុខ បានបង្ហាញពីមនោសញ្ចេតនាផ្សារភ្ជាប់គ្នាមិនអាចកាត់ផ្តាច់គ្នាបានរវាងសមរភូមិមុខ និងសមរភូមិក្រោយ ក្នុងនាមមហាគ្រួសារខ្មែរតែមួយ ដែលមិនបោះបង់ចោលគ្នា និងតែងផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់គ្នា ជាពិសេសក្នុងគ្រាមានទុក្ខលំបាក។
សម្តេចធិបតី នាយករដ្ឋមន្ត្រីធ្លាប់បានមានប្រសាសន៍បញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំនេះត្រូវប្រារព្ធធ្វើឡើងក្នុងអត្ថន័យលើកកម្ពស់តម្លៃវប្បធម៌ ប្រពៃណីជាតិ ដោយផ្សារភ្ជាប់ជាមួយការរម្លឹកគុណវីរយុទ្ធជួរមុខ និងការចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាពនានា។ អាចនិយាយបានថា ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំនេះ មិនត្រឹមតែបង្ហាញពីតម្លៃវប្បធម៌ និងប្រពៃណីជាតិប៉ុណ្ណោះទេ ប៉ុន្តែ ក៏បង្ហាញពីវីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធជនជួរមុខ ក្នុងការការពារបូរណភាពទឹកដី ក៏ដូចជាការចែករំលែកក្តីស្រឡាញ់ និងការរួមសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹក៕ ដោយ៖ ប៊ុនរិទ្ធ





